កែប៖ សពមនុស្ស៣នាក់ ដែលជាម្តាយ និងកូនប្រុស២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ត្រូវបានរកឃើញ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ក្រោយបានលិចកាលពីម្សិលមិញ ពេលរសៀល ។
ហេតុការណ៍លិចទូកស្មាច់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏បានជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើអោយលិចទូក។
គួរបញ្ជាក់ថា ក្នុងទូកមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ ដែលបានបាត់ខ្លួនក្រោយកើតហេតុ ពេលនេះត្រូវបានរកឃើញតែត្រូវបានបាត់បង់ជីវិតរួចទៅហើយ៕