ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការសម្រេចចិត្តក្នុងការទទួលយកព័ត៌មាន ដែលមានលើបណ្តាញសង្គមបច្ចុប្បន្ន។ការអំពាវនាវនេះ ធ្វើឡើងក្រោយពីពិនិត្យឃើញថា សព្វថ្ងៃនេះការរកលុយពីបណ្តាញសង្គមកើនឡើង ដែលនាំឱ្យមនុស្សមួយចំនួនលោភលន់ឈានដល់ការបង្កើតជា ព័ត៌មានក្លែងក្លាយ ការបំភ័យ និង ការបំផ្លាញសង្គម។
យោងតាមលោកស្រី ម៉ាលី សុជាតា ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កេតឃើញថា ចាប់តាំងពីបណ្តាញសង្គម បើកអាចបង្កើតចំណូលបាន មនុស្សមួយចំនួនបានយក ព័ត៌មានក្លែងក្លាយ ការបំភ័យ និង ការបំផ្លាញសង្គម ជាមធ្យោបាយរកលុយ ដោយមិនគិតពីផលប៉ះពាល់ដល់ជាតិ និង ប្រជាជន។សម្រាប់លោកស្រី ខ្លះបង្កើតព័ត៌មានគ្មានប្រភពច្បាស់លាស់ ខ្លះកែច្នៃរូបភាព វីដេអូ ឬបន្ថែមសាច់រឿងបំភាន់មតិសាធារណៈ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និង ចំណេញផ្ទាល់ខ្លួន។
លោកស្រី បានអំពាវនាវដល់មហាជនត្រូវប្រុងប្រយ័ត្ន៖ ព័ត៌មានគ្មានប្រភពច្បាស់, ចំណងជើងបំភ័យ ឬជ្រុលនិយម, រូបភាព/វីដេអូមិនដឹងប្រភព, ខ្លឹមសារបង្កការភ័យខ្លាច និងបំបែកសាមគ្គីភាព, ការប្រើអារម្មណ៍ជំនួសការពិត មុនចែករំលែក សូមផ្ទៀងផ្ទាត់ មុនជឿ សូមស្រាវជ្រាវ ហើយការពារព័ត៌មានពិត គឺការពារសន្តិភាព និង ស្ថិរភាពសង្គម។
គួរបញ្ជាក់ថា នៅកម្ពុជា បណ្តាញសង្គមហ្វេសប៊ុក គឺជាបណ្តាញឈានមុខគេដែលមានចំនួនអ្នកប្រើប្រាស់ជិត ១៦លានគណនី តាមពីក្រោយដោយបណ្តាញសង្គម TikTok មានអ្នកប្រើប្រាស់ជិត ១១លានគណនី ហើយបណ្តាញទាំងនេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ទទួលបានព័ត៌មានទាំងប្រភពផ្លូវការ និង មិនផ្លូវការ៕