681 ezgif.com resize
Swift cc time

តុលាការបញ្ជូន«សំណុំរឿងទាំង៣»លោកស្រីស៊ីណាទៅជំនុំជម្រះអាចប្រឈមជាប់ឃុំច្រើនឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនត្រូវចោទ ស្រី ស៊ីណា

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសម្រេចបញ្ជូនសំណុំរឿងឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតរបស់ អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់។សំណុំរឿងទាំង៣នេះ លោក ស្រី ស៊ីណា ដែលគេស្គាល់ថា ជាខ្មាន់កាំភ្លើងចូលទៅបាញ់ដល់ក្នុងផ្ទះសម្លាប់គូដណ្តឹង១គូ នៅខណ្ឌច្បារអំពៅអាចប្រឈមជាប់ពន្ធនាគារច្រើនឆ្នាំ។

សំណុំរឿងទាំង៣របស់ជនត្រូវចោទ ស្រី ស៊ីណា គឺមានជាអាទិ៍៖ បទឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោរសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញកិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំងពីរខាងលើនេះ ទៅតុលាការជំនុំជម្រះ ហើយតុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាននិងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។

គួររំឭកថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕


Khcct banner

អត្ថបទទាក់ទង