វៀតណាម៖ ព្យុះទីហ្វុង យីនស៊ីងបានឆ្លងកាត់កោះ Luzon នៃប្រទេសហ្វីលីពីន ហើយបានរំកិលចូលទៅក្នុងសមុទ្រខាងកើតកាលពីព្រឹកថ្ងៃសុក្រនេះ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាជ្ញាធរវៀតណាមបានប្រាប់ពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ននឹងស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រវៀតណាមបានឲ្យដឹងថា ព្យុះនេះបានបោកបក់នៅភាគខាងជើងសមុទ្រខាងកើតនៅម៉ោង ៤ ទៀបភ្លឺ ដោយផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមម៉ោង ៤ ព្រឹកថ្ងៃសៅរ៍ស្អែក វាត្រូវបានគេរំពឹងថានឹងមានចម្ងាយប្រហែល ៥៤០ គីឡូម៉ែត្រពីកោះប៉ារ៉ាសែល ជាមួយនឹងខ្យល់បក់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបន្តទៅខាងលិចក្នុងល្បឿន ១៥-២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរវៀតណាមបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅកន្លែងព្យុះវាយប្រហារត្រូវតែស្វែងរកទីទួលមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថាព្យុះយីនស៊ីង បានក្លាយជាព្យុះទី ៧ ដែលចូលសមុទ្រខាងកើតរបស់វៀតណាមក្នុងឆ្នាំនេះ មុនព្យុះនេះវាយប្រហារវៀតណាមគេឃើញមានព្យុះទីហ្វុង Trami បានបោកបក់តំបន់ Thua Thien Hue - Da Nang កាលពីថ្ងៃទី ២៧ ខែតុលា ដោយនាំភ្លៀងធ្លាក់ខ្លាំងមកភាគកណ្តាលប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ ១៤ នាក់ របួស ផ្ទះជិត ៣៣០ ខ្នង ខូចខាតដំណាំជាង ១,២០០ហិកតា និងបាត់បង់សត្វចិញ្ចឹមជាង២០០០ក្បាល៕