ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន និង បានសម្រេចអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និង សម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាផ្លូវការ។ការសម្រេចអនុម័តនេះ ធ្វើឡើងក្នុងសំឡេងសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូបនៃចំនួនសមាជិកសភាទាំំងមូល។
ដូចការគ្រងទុកនៅព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួនក្រោមអធិបតីភាពរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និង មានការចូលរួមដោយសមាជិករដ្ឋសភាប្រមាណ ១០៩រូប។ក្នុងសម័យប្រជុំនោះ សមាជិករដ្ឋសភាទាំងមូល បានបោះឆ្នោតសម្រេចអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និង សម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម មានចំនួន៤មាត្រា។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ កញ្ញា បានប្រកាសបញ្ចប់ ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
កម្ពុជាបន្តអភិវឌ្ឍលើទឹកដីកម្ពុជា ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ ឬយកច្បាប់របស់ប្រទេសណាមួយមកអនុវត្តនៅលើទឹកដីនៃប្រទេសកម្ពុជានោះឡើយ។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បើទោះបីរាជរដ្ឋាភិបាលបញ្ចប់«កិច្ចសហប្រតិបត្តិការCLV-DTA» ជាមួយឡាវ និង វៀតណាម ចាប់ពីថ្ងៃ ២០ កញ្ញា ឆ្នាំ២០២៤ ក្តី ការអភិវឌ្ឍនៅខេត្តតាមព្រំដែន និង ការបោះបង្គោលជាមួយប្រទេសជិតខាង នៅតែបន្តគ្មានឈប់នោះទេ៕