ព្យុងយ៉ាង៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី Kim Yo Jong បានប្រកាសចាត់ទុក សមយុទ្ធយោធារបស់សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងបញ្ជាក់ពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ថែមទៀតដើម្បីការពារពីការវាយប្រហារណាមួយចូលក្នុងទឹកដីកូរ៉េខាងជើង។ ការប្រកាសរបស់លោកស្រីបានធ្វើឡើងភ្លាមៗក្រោយពីអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំមិនធ្លាប់កាលពីប៉ុន្មានថ្ងៃមុន។
លោកស្រី Kim Yo Jong បានរិះគន់សមយុទ្ធដែនអាកាសរវាងអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានជប៉ុន និងកូរ៉េខាងត្បូងគឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថាកូរ៉េខាងជើងត្រូវតែពង្រឹងប្រព័ន្ធស្វ័យការពាររបស់ខ្លួនបន្ថែមជាពិសេសគឺពង្រឹងអាវុធនុយក្លេអ៊ែរឲ្យកាន់តែមានភាពខ្លាំងក្លា។
សម្រាប់លោកស្រី Kim Yo Jong ផ្ទាល់សមយុទ្ធសម្ព័ន្ធមិត្តអាម៉េរិកគឺជាសារការគំរាមកំហែងហើយ កូរ៉េខាងជើងនឹងមិនងាកចេញពីផ្លូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួនឡើយ។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់បង្ហោះ ICBM កាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានចាប់ផ្តើមបញ្ជូនទាហានទៅជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយកូរ៉េខាងជើងត្រូវបានសហរដ្ឋអាម៉េរិកធ្វើការថ្កោលទោសយ៉ាងឆាប់ខ្លាំងក្លា ហើយអាម៉េរិកក៏បានអំពាវនាវឲ្យកូរ៉េខាងជើងធ្វើការដកទ័ពចេញពីរុស្ស៊ីជាបន្ទាន់៕