ថៃ៖ រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa នាល្ងាចថ្ងៃទី ១ វិច្ឆិការនេះបានប្រកាសនៅតាមបណ្តាញប្រព័ន្ធសង្គមផ្សព្វផ្សាយ X ថាមានពលរដ្ឋថៃ៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅព្រំដែនអ៊ីស្រាអែល-លីបង់ ក្បែរទីក្រុង Metula ភាគខាងជើងប្រទេសអ៊ីស្រាអែល។
ថ្លែងក្នុងប្រព័ន្ធសង្គម X លោកមានការសោកស្ដាយជាខ្លាំងដែលដឹងថា ពលរដ្ឋថៃ៤នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសដោយសារការបាញ់គ្រាប់រ៉ុក្កែតនៅជិតតំបន់ Metula ជិតព្រំដែនអ៊ីស្រាអែល-លីបង់។ លោកក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះចំពោះការបាត់បង់ជីវិត ហើយប្រទេសថៃ អំពាវនាវឱ្យគ្រប់ភាគីនៃជម្លោះស្វែងរកការចចារបញ្ចប់សង្រ្គាម និងបញ្ឈប់ការសម្លាប់ជនស៊ីវិលស្លូតត្រង់៕