ភ្នំពេញ៖ ក្រុមហ៊ុន កាណា ត្រាស គឺជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដំបូង និងឈានមុខគេនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុន កាណា ត្រាស នៅតែបន្តទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនបរធនបាលឆ្នើមប្រចាំឆ្នាំ២០២៣” ពីនិយ័តករបរធនបាលកិច្ច ក្នុងវេទិកា“បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទស្ដីពី “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ វេទិកានេះរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច ក្រោមការដឹកនាំដោយឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ។
ពានរង្វាន់នេះ ប្រគល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
គួរបញ្ជាក់ថា ក្រុមហ៊ុន កាណា ត្រាស បានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៨ ជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមុនគេបង្អស់នៅកម្ពុជា ដោយពឹកផ្អែកលើធនធាន និងបណ្តាញរបស់ ធនាគារ កាណាឌីយ៉ា ក.អ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើផ្នែកហិរញ្ញវត្ថុ។ ក្នុងបេសកកម្មមកនេះ ក្រុមហ៊ុន កាណា ត្រាស បានផ្តល់សេវាកម្មជូនអតិថិជនបានយ៉ាងល្អ និងទទួលបានការរីកចម្រើនឥតឈប់ឈរ។
ក្រុមហ៊ុន កាណា ត្រាស បានចូលរួម ជាមួយអតិថិជន ព្រមទាំងដៃគូរពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់ដំណោះស្រាយល្អបំផុតតាមតម្រូវការរបស់អតិថិជន ប្រកបដោយវិជ្ជាជីវៈ៕