ព្យុងយ៉ាង៖ កូរ៉េខាងជើងនាថ្ងៃទី ៣១ តុលា នេះបានបាញ់សាកល្បងបាញ់មីស៊ីលថ្មី ICBM ដែលមាសមត្ថភាពខ្លាំងជាងពីមុនជាច្រើនដងការបាញ់បង្ហោះថ្មីនេះត្រូវបានមេដឹកនាំកូរ៉េខាងជើងចាត់ទុកថាជាការឆ្លើយតបទៅនឹងភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េ និងជាពិសេសប្រាប់ទៅសម្ព័ន្ធមិត្តកូរ៉េខាងត្បូងជុំវិញនៃការបង្កើនជម្លោះកាន់តែក្តៅ។
ការបាញ់បង្ហោះ ICBM ថ្មីនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រមុខការពារជាតិអាម៉េរិក និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី ដោយព្រមានថាទាហានកូរ៉េខាងជើងក្នុងឯកសណ្ឋានរុស្ស៊ីកំពុងត្រូវបានដាក់ពង្រាយត្រៀមខ្លួនប្រយុទ្ធជាមួយនិងអ៊ុយក្រែន។
ជាការឆ្លើយតបអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Sean Savett បានចាត់ទុកការបាញ់បង្ហោះរបស់កូរ៉េខាងជើងជាការរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ក៏បានឆ្លើយតបជាមួយនឹងការត្រៀមធ្វើសមយុទ្ធយោធារួមគ្នាឆ្លើយតបទៅនឹងការបង្កើតភាពតានតឹងរបស់កូរ៉េខាងជើង៕