អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់ជំនួយកញ្ចប់សព្វាវុធថ្មីចំនួន ២ ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ដែលជាកញ្ចប់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ជាការឆ្លើយតបបន្ទាប់ពីប្រទេសចិនបានបញ្ចប់សមយុទ្ធយោធាមួយសប្តាហ៍ពេញលើកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។
តាមមន្ទីបញ្ចកោណអាម៉េរិកកិច្ចព្រមព្រៀងសព្វាវុធចុងក្រោយនេះ រួមមានប្រព័ន្ធមីស៊ីលអាកាសកម្រិតខ្ពស់ថ្នាក់ជាតិចំនួនបី (NASAMS) ដែលប៉ាន់ស្មានថាមានតម្លៃ ១.១៦ ពាន់លានដុល្លារ និងប្រព័ន្ធរ៉ាដាមានតម្លៃប្រហែល ៨២៨ លានដុល្លារ។ ប្រព័ន្ធចាប់មីស៊ីលកម្រិតខ្ពស់ NASAMS មានសមត្ថភាពចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ និងជិតយ៉ាងខ្លាំងក្លា។
ជាការឆ្លើយតបនិងជំនួយដ៏ច្រើនបែបនេះការិយាល័យប្រធានាធិបតីរបស់កោះតៃវ៉ាន់បានសម្តែងការអរគុណចំពោះទីក្រុងវ៉ាស៊ីនតោនដែលផ្តល់ការគាំទ្រដល់តៃវ៉ាន់។ តៃវ៉ាន់បានចាត់ទុកជំនួយថ្មីនេះគឺជាការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់តៃវ៉ាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន ប្រទេសចិនបានធ្វើសមយុទ្ធយោធាជុំទីពីរនៅជុំវិញកោះតៃវ៉ាន់ ដែលជាសមយុទ្ធទ្រង់ទ្រាយធំមួយក្រោយតៃវ៉ាន់បានប៉ះសំដីខ្លះទៅលើកប្រទេសចិន ក្នុងសមយុទ្ធនោះមានយន្តហោះចិនចំនួន ១៥៣ គ្រឿង នាវាកងទ័ពជើងទឹក ១៤ គ្រឿង និងនាវារដ្ឋាភិបាលចំនួន ១២គ្រឿងធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់៕