ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលនៅយប់ថ្ងៃសុក្របានបើកការវាយប្រហារទ្រង់ទ្រាយធំម្តងទៀតទៅលើទីតាំងលាក់ខ្លួនរបស់កងទ័ពអ៊ីរ៉ង់ មីស៊ីលជាច្រើនគ្រាប់បានហោះចូលបន្ទាយទាហានអ៊ីរ៉ង់ព្រមៗគ្នាដោយបានបង្កទៅជាការផ្ទុះ និងឆាបឆេះយ៉ាងខ្លាំងក្លាលើទីតាំងយោធាអ៊ីរ៉ង់។ ប្រតិបត្តិការទ័ពអាកាសថ្មីរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់គឺជាការឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលអ៊ីរ៉ង់ជាង ២០០គ្រាប់ហោះចូលប្រទេសអ៊ីស្រាអែលកាលពីដើមខែតុលា។
តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងរដ្ឋធានីតេហេរ៉ង់ និងនៅមូលដ្ឋានក្បែរនោះ ការវាយប្រហាររបស់អ៊ីស្រាអែលថ្មីលើទីតាំងយោធាអ៊ីរ៉ង់នេះមិនទាន់ត្រូវបានគេបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងរបួសនៅឡើយនោះទេ។
កងកម្លាំងការពារអ៊ីស្រាអែលបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែពីរបបក្នុងប្រទេសអ៊ីរ៉ង់ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលឥឡូវនេះកងកម្លាំងការពារអ៊ីស្រាអែលកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ។ អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីទីក្រុងតេអេរ៉ង់។
ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានព្រមានថាអាម៉េរិកមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ឡើយ ហើយការវាយប្រហារណាមួយចូលដែនដីហាមឃាត់នោះអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ជាពិសេសការវាយប្រហារប៉ះពាល់ដល់តំបន់រោងចក្រនុយក្លេអ៊ែរក្នុងអ៊ីរ៉ង់៕