ភ្នំពេញ៖ លោក Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទំាងកៀងគរអ្នកវិនិយោគមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់លោក Darek YIP ដែលទើបចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាកំពុងឋិតក្នុងដំណាក់កាលមួយដែលកំពុងតែដំណើរការរៀបចំខ្លួនឯងឡើងវិញ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបគ្រប់គ្រងជាច្រើនសម័យកាលមកហើយ ក្នុងនោះក៏បានឆ្លងកាត់នូវភ្លើងសង្គ្រាម និងក្រោយមកក៏ទទួលបានឯករាជ្យនិងសុខសន្តិភាពពេញលេញហើយបច្ចុប្បន្នក៏ដល់ពេលវេលាដែលត្រូវរៀបចំខ្លួនឯងជាថ្មីឡើងវិញផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យ សម្ដេច ហ៊ុន សែន គឺជាបិតាសន្តិភាព រីឯសម្ដេច ហ៊ុន ម៉ាណែត គឺជាបិតាសហសម័យកម្ពុជា។ ដូច្នេះពេលនេះកម្ពុជាកំពុងតែរៀបចំខ្លួនតាមបែបសហសម័យរបស់ខ្លួន។
លោក សាយ សំអាល់ ក៏បានឱ្យដឹងអំពីការងារមួយចំនួនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ហើយបច្ចុប្បន្នកំពុងតែផ្ដោតលើបរិវត្តកម្មឌីជីថលផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអូស្ត្រាលី លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងត្រូវការអ្នកជំនាញនិងទីប្រឹក្សាបន្ថែមទាក់ទិនទៅនឹងស្តង់ដារសំណង់ និងសម្ភារៈសំណង់ផ្សេងៗទៀត ដូច្នេះលោកបានស្នើដល់ស្ថានទូតអូស្ត្រាលីថាតើអាចសហការក្នុងការជួយដល់កម្ពុជាបានក្នុងកម្រិតណាមួយ។
ជាការឆ្លើយតប លោក Darek YIP បានសរសើរកម្ពុជាអំពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងតែរៀបចំការងារបរិវត្តកម្មឌីជីថលបានយ៉ាងឆាប់រហ័ស។ ជាមួយនេះលោក ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរអ្នកវិនិយោគមកកម្ពុជា៕