ហ្វីលីពីន៖ ប្រទេសហ្វីលីពីន នៅថ្ងៃទី ២៣ តុលានេះ បានរងការវាយប្រហារដោយព្យុះថ្មីដែលមានឈ្មោះថា Tramil ហើយពលរដ្ឋហ្វីលីពីន ប្រមាណជាង ៣ម៉ឺននាក់បង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ ក្រុមអ្នកជួយសង្រ្គោះហ្វីលីន បានប្រញាប់ប្រញាលទៅកាន់តំបន់ដែលកំពុងតែរងគ្រោះ ដើម្បីជួយពលរដ្ឋដែលត្រូវបានព្យុះវាយប្រហារ។
អាជ្ញាធរហ្វីលីពីន បានអះអាងថា ភ្លៀងធ្លាក់ខ្លាំងដែលជំរុញដោយព្យុះនេះបានប្រែក្លាយផ្លូវទៅជាទន្លេ លិចភូមិទាំងមូល និង បានកប់រថយន្តមួយចំនួននិងបណ្តាលឲ្យតំបន់សំខាន់ៗជាច្រើនត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លា ដោយគិតត្រឹមថ្ងៃពុធនេះមានយ៉ាងហោចណាស់មនុស្ស ៣២,០០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសហ្វីលីពីនក្រោយព្យុះនេះបានបោកបក់មកដល់កោះ Luzon។
ប៉ូលីសហ្វីលីពីនបានអះអាងទៀតថានៅក្នុងតំបន់ Bicol ប្រហែល៤០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ទឹកជំនន់មានការកើតឡើងជាខ្លាំងដែលបានបង្កជាបញ្ហាដល់អ្នកដែលជួយសង្រ្គោះ។ព្យុះត្រូពិក Trami ស្ថិតនៅចម្ងាយ ៣១០គីឡូម៉ែត្រភាគខាងកើតនៃខេត្ត Aurora ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ូលីសបានធ្វើការព្រមានពលរដ្ឋដែលមិនទាន់ចាកចេញឲ្យចាកចេញនិងស្វែងរកទីសុវត្ថិភាពជាបន្ទាន់៕