ភ្នំពេញ៖ លេខាធិការដ្ឋានអាស៊ាន បើកជ្រើសរើសប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ (3rd ASEAN Spa Services Standard) ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការរៀបចំ និងថែរក្សាគុណភាពសេវាកម្មស្ប៉ា-ម៉ាស្សាក្នុងតំបន់ឲ្យមានកម្រិតគុណភាពស្តង់ដាខ្ពស់។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា លេខាធិការដ្ឋានអាស៊ាន នឹងបើកជ្រើសរើសប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ (3rd ASEAN Spa Services Standard) ដែលផ្តល់ឱកាសដល់ម្ខាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស្ប៉ា-ម៉ាស្សាទាំងអស់ រួមទាំងផ្តោតទៅលើ ទីកន្លែង, សេវាកម្ម, មនុស្ស, ផលិតផល, ការគ្រប់គ្រង និងបរិស្ថាន ដើម្បីលើកទឹកចិត្ត ទទួលស្គាល់ការរៀបចំ និងថែរក្សាគុណភាពសេវាកម្មស្ប៉ា-ម៉ាស្សាក្នុងតំបន់ឲ្យមានកម្រិតគុណភាពស្តង់ដាខ្ពស់។
គួររំលឹកផងថា កម្មវិធីប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ាន បានរៀបចំឡើង ២លើករួចទៅហើយ ដោយលើកទី១ (២០១៩-២០២១) ប្រព្រឹត្តទៅនៅប្រទេសវៀតណាម ហើយលើកទី២ (២០២៣-២០២៥) នៅប្រទេសឥណ្ឌូនេស៊ី។ ការប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ (២០២៥-២០២៧) នឹងរៀបចំឡើងដើម្បីបន្តនូវការរក្សា និងធានាបាននូវគុណភាពសេវាកម្មស្ប៉ា-ម៉ាស្សារបស់ប្រទេសក្នុងអាស៊ានផងដែរ៕