
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេច សេនាបតី ហ៊ុន សែន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
នេះបើយោងតាម ហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា នៅថ្ងៃទី០៩ តុលា គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គ ដែលនឹងពិភាក្សាសេចក្ដីព្រាងច្បាប់ និងសេចក្ដីព្រាងផែនការសកម្មភាពជាតិធំៗមួយចំនួន។
បន្ថែមពីនេះទៅទៀត កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នឹងពិភាក្សា លើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល, សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
ជាពិសេសគឺ ពិភាក្សាលើបញ្ហា និងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
បន្ថែមពីនេះ គឺសិក្សាពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និងសេចក្ដីព្រាងច្បាប់លើបញ្ហាសំខាន់ៗជាច្រើនទៀតផងដែរ៕