អុីស្រាអែល៖ មេក្រុមហាម៉ាស់ថ្មី លោក Yahya Sinwar ដែលបានស្បថចូលកាន់តំណែងកាលពីដើមខែសីហាឆ្នាំ ២០២៤ ត្រូវបានអុីស្រាអែលសម្លាប់ដោយប្រើប្រាស់ដ្រូនកម្ទេចទីតាំងលោកលាក់ខ្លួនស្ថិតនៅភាគខាងត្បូងហ្គាហ្សា។ លោក Sinwar គឺជាមេដឹកនាំក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០១៧ ហើយត្រូវបានអុីស្រាអែល សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស ចាត់ទុកជាលោកមេខ្លោងនៅពីក្រោយការវាយប្រហារថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់នៅអ៊ីស្រាអែល និងបានចាប់ចំណាប់ខ្មាំង ២៥១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់កងកម្លាំងអ៊ីស្រាអែលចេញផ្សាយនៅថ្ងៃទី ១៨ តុលានេះ។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថាលោក Sinwar ដែលជាមេដឹកនាំសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅតំបន់ហ្គាហ្សាដោយយន្តហោះដ្រូនអុីស្រាអែល។ មេដឹកនាំហាម៉ាស់រូបនេះបានស្លាប់ ក្នុងអំឡុងកំឡុងពេកការវាយឆ្មក់ចូលទីតាំងរបស់លោកលាក់ខ្លួនក្នុងតំបន់ហ្គាហ្សា។ លោក Sinwar ត្រូវបានក្រុមអុីស្រាអែលប្រទះឃើញអង្គុយនៅលើកៅអីតាមរយៈយន្តហោះដ្រូន ក្នុងខ្សែវីដេអូថតដោយដ្រូនមុនស្លាប់លោកបានគប់ដុំឈើមួយទៅលើដ្រូនរបស់អុីស្រាអែល ហើយក៏ផុតដង្ហើម។
នេះគឺជាជោគជ័យរបស់អុីស្រាអែលម្តងទៀតដោយការសម្លាប់លោក Sinwar កើតឡើងបន្ទាប់ពីមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran ប្រទេសអុីរ៉ង់កាលពីខែកក្កដា។ ការសម្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ថ្មីនេះកំពុងតែរុញច្រានស្ថានភាពសង្រ្គាមអុីរ៉ង់ និងអុីស្រាអែលឲ្យឈានទៅរកការបំផ្លិញបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន៕