
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជាបរាជ័យក្នុងការចិញ្ចឹមចៀម និងពពែ ប៉ុន្តែវាជាមេរៀននៅក្នុងការសិក្សាស្រាវជ្រាវ ដើម្បីបញ្ចៀសកុំឱ្យប្រជាជនដើរជាន់លើចំណុចដែលយើងកំពង់តែជួបហេតុនាំឱ្យបរាជ័យទាំងនេះ ព្រោះបើសិនជាប្រជាជនដើរខុស ពេលដែលមានបញ្ហា ប្រជាជននឹងបាត់បង់ថវិកានិងប្លង់ដី ដែលបានដាក់បញ្ចាំយកដើមទុនមកប្រកបមុខរបរនេះជាដើម។
នៅពេលដំណើរការស្រាវជ្រាវអំពីការចិញ្ចឹមចៀមនិងពពែក៏ដូចជាចៀមនេះត្រូវបានបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំជាវីដេអូនិងឯកសារសម្រាប់ផ្ដល់ជាបទពិសោធនៃការចិញ្ចឹមចៀមនិងពពែ ដល់ប្រជាជនដែលមានបំណងចិញ្ចឹម ដើម្បីបញ្ចៀសភាពបរាជ័យ និងគូសបញ្ជាក់ពីចំណុច ដែលប្រជាជនត្រូវធ្វើនៅពេលដែលការចិញ្ចឹមចួបប្រទះនឹងឧបសគ្គផ្សេងៗ។
ទិដ្ឋភាពបរាជ័យចំនួន៥ដែលយើងកំពុងជួបប្រទះគឺ១. ដោយសារអាកាសធាតុ មានភ្លៀងខ្លាំង ពន្លឺថ្ងៃបើកតិចនៅជុំវិញសើមរហូត ធ្វើឱ្យពពែនិងចៀមមានជំងឺហើមពោះ។ ២. មូស និងសត្វពិសដូចជាឪម៉ាល់និងស្រាំងបានទិចវា នៅពេលវាចេញទៅស៊ីស្មៅ។ ៣. ពពែនិងចៀមស៊ីប្លាស្ទិក ដែលយើងបានទិញមកពីប្រភពផ្សេងៗមិនបានពិនិត្យឃើញ។ ៤. ការដឹកមកផ្លូវឆ្ងាយ ពពែនិងចៀមកាត់ភ្លៀង ហើយទ្រាំនឹងអាកាសធាតុមិនបានធ្វើសត្វនេះហើមពោះក៏ងាប់ ៥. យើងយកពពែនិងចៀមទាំងនេះ មកពីប្រភពផ្សេងៗ ប៉ុន្តែយើងមិនបានដាក់វាឱ្យនៅដាច់ដោយឡែកពីគ្នា ធ្វើឱ្យវាចម្លងរោគពីសត្វមួយទៅមួយទៀតយ៉ាងលឿន បង្កឱ្យការស្លាប់លឿនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ទិដ្ឋភាពទាំងនេះ ជាអ្វីដែលរាជបណ្ឌិត្យសភាកម្ពុជាជួបប្រទះ នៅក្នុងការដំណើរការស្រាវជ្រាវលើការចិញ្ចឹមចៀមនិងពពែ ។ យើងបានទិញពពែចំនួន២២២ក្បាល ពេលបច្ចុប្បន្ននេះ នៅសល់តែ៥៤ក្បាលទេ ហើយកូនពពែដែលនៅសល់មាន១២ក្បាល និងចៀមដែលយើងទិញចូលមាន១៣៨ក្បាល នៅសល់៧៨ក្បាលទេ ចំណែកកូនរបស់វានៅសល់២៤ក្បាល ហើយយើងនឹងបន្តដំណើរការចិញ្ចឹមពពែនិងចៀមនេះតទៅមុខទៀត៕