លីបង់៖ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលបានកើនឡើងដល់ ២,៣៥០ ចាប់តាំងពីខែតុលាឆ្នាំមុនដោយបច្ចុប្បន្នមាន ១០,៩០៦ នាក់ផ្សេងទៀតបានរងរបួស ដោយការវាយប្រហាររបស់អ៊ីស្រាអែលមួយឆ្នាំពេញបានបណ្តាលឲ្យមានអាគាររាប់ពាន់ខ្នងខ្ទិចខ្ទី កុមារជាច្រើនព្រាត់ប្រាស់គ្រួសារ និងប្រឈមជាមួយនិងជំងឺជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលីបង់បានចេញផ្សាយនាថ្ងៃពុធទី ១៦តុលានេះ។
តាមការប្រកាសរបស់លីបង់មានពលរដ្ឋលីបង់ជាង ២ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ទៀតរងរបួសនិងមិនមានកន្លែងស្នាក់នៅដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលតាំងពីខែតុលាឆ្នាំមុនមក ដោយក្នុងការវាយប្រហារជាង១ឆ្នាំបានបណ្តាលឲ្យហេដ្ឋរចនាសម្ព័ន្ធជាច្រើនក្នុងប្រទេសលីបង់រងការខូចខាតយ៉ាងខ្លាំងក្លាមិនធ្លាប់មានពីមុនមក។
ក្រុមហេសបូឡាដែលឈរជើងក្នុងលីបង់បានប្រកាសទៀតថា ពួកសកម្មប្រយុទ្ធរបស់ខ្លួនបានបាញ់រ៉ុក្កែត ទៅលើភាគខាងជើងអ៊ីស្រាអែល ជាប់ព្រំដែនលីបង់និងបានកម្ទេចទីតាំងឈរជើងរបស់ទាហានអ៊ីស្រាអែលអស់ជាច្រើនទីតាំង។
ក្នុងការវាយប្រហារលីបង់ទាហានអ៊ីស្រាអែលបានរកឃើញកំណាត់ផ្លូវរូងក្រោមដីរាប់សិប និងកន្លែងក្រោមដីជាច្រើនទីតាំងនៅភាគខាងត្បូងប្រទេសលីបង់ កងទ័ពអ៊ីស្រាអែលបានរកឃើញមានគ្រាប់រ៉ុក្កែតប្រហែល ៣០ គ្រាប់បានបាញ់ចេញពីប្រទេសលីបង់ ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយខ្លះត្រូវបានស្ទាក់ចាប់ និងបាញ់កម្ទេចោលភ្លាមៗ។
គួរបញ្ជាក់ថាក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នានៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន។ ក្រុមហេសបូឡាកំពុងបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស ដែលកំពុងប្រយុទ្ធនឹងសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕