ចិន៖ អតីតអភិបាលរងខេត្ត Liaoning និងជាអតីតមេប៉ូលីសនៃខេត្តភាគខាងជើងប្រទេសចិន ត្រូវបានតុលាការនៃប្រទេសចិនកាត់ទោសប្រហារជីវិតពីបទទទួលសំណូកទឹកប្រាក់ចំនួន ៥៥៥ លានយ័ន (៧៨ លានដុល្លារអាម៉េរិក) ក្នុងរយៈពេលបម្រើការងារជាង ១៤ ឆ្នាំ ក៏ប៉ុន្តែក្រោយសារភាពកំហុងរបស់ខ្លួនលោកត្រូវបានតុលាការសម្រាលទោសឲ្យជាប់ពន្ធនាគារមួយជីវិតវិញ។
យោងតាមសេចក្តីសម្រេចដែលប្រកាសដោយតុលាការប្រជាជន Xiangyang ក្នុងខេត្ត Hubei កាលពីថ្ងៃច័ន្ទ លោក Wang Dawei វ័យ ៦០ ឆ្នាំត្រូវបានតុលាការសម្រេចប្រហារជីវិត ក៏ប៉ុន្តែក្រោយមកក័សម្រេចប្តូរមកជាប់ត្រឹមមួយជីវិតវិញក្រោយលោកទទួលកំហុស និងព្រមប្រគល់ប្រាក់តែកិបកេងបានទៅរតនាគារចិនវិញ។ លោកក៏ត្រូវបានដកហូតសិទ្ធិនយោបាយ អស់មួយជីវិត ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកទាំងអស់ត្រូវបានរឹបអូស។
តាមតុលាការចិនបានអះអាងតុលាការបានរកឃើញថាពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២២ លោក Wang បានប្រើមុខតំណែងរបស់គាត់ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនចំនួនបី ដោយធានានូវប្រតិបត្តិការរលូនដោយលោកបានប្រើប្រាស់តំណែងលោកជួយសម្រួលដល់ក្រុមហ៊ុនទាំងនោះ។ នៅក្នុងសំណុំរឿងរបស់ Wang តុលាការបានសំរេចថានឹងមិនមានលទ្ធភាពការលើកលែងសម្រាលទោសដល់រូបលោកបន្តទៀតឡើយ។
លោក Wang វ័យ ៦០ ឆ្នាំមានដើមកំណើតនៅ Heilongjiang បានចូលរួមជាមួយបក្សកុម្មុយនិស្តចិនក្នុងឆ្នាំ ១៩៨៤ ហើយបានចាប់ផ្តើមអាជីពរបស់លោកនៅឆ្នាំ ១៩៩០ ។លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតលើការសង្ស័យថាបានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស និងច្បាប់ជាតិនៅក្នុងខែមីនា ឆ្នាំ ២០២២ ហើយត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣៕