ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ជាគម្រប់ខួប១ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដោយមានការអញ្ជើញចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណា (Yunnan Investment Group) និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត។
បើតាមរបាយការណ៍ ចាប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង, អ្នកដំណើរ ចេញ-ចូល (ទ្វទិស) មានចំនួនជាង ១,៣០០,០៤៨នាក់និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤។
ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។ អ្នកដំណើរ ចេញ-ចូល (ទ្វទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វទិស) មានចំនួនជាង ៧៦តោន (៧៦,០០០ គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា(៩ខែ) ឆ្នាំ២០២៣។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ហើយាបានបញ្ចប់ជាស្ថាពរនៅបំណាច់ខែមីនា ឆ្នាំ២០២៣ ដោយមានការអូសបន្លាយរយៈពេលសាងសង់បន្តិចបន្តួចបណ្តាលមកពីវិបត្តិកូវីដ-១៩។ ការសាងសង់អាកាសយានដ្ឋាននេះបានចំណាយទុនវិនិយោគរហូតដល់ទៅ ១,១០០លានដុល្លារ ក្នុងនោះក្រុមហ៊ុនវិនិយោគយុនណាន មានភាគហ៊ុនចំនួន ៧៦,៦% ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន មានភាគហ៊ុន ២០% និង ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយុនណាន ដែលជាប្រតិបត្តិករ មានភាគហ៊ុនចំនួន ៣,៤%។
អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២,៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕