Cctimesw1140xh150cm copy

កិច្ចសន្ទនាការទូតការស្វែងយល់ពីដំណើរ ៦៥ឆ្នាំនៃទំនាក់ទំនងតួកគី-កម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
 លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា 

ភ្នំពេញ៖ ខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសតួកគី និងព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរួមសហការជាមួយវិទ្យាស្ថានយូនូស អេមរ៉េ មជ្ឈមណ្ឌលវប្បធម៌តួកគីរួមជាមួយស្ថានទូតតួកគីប្រចាំនៅទីក្រុងភ្នំពេញ។ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាវាគ្មិននៅក្នុងកម្មវិធីនេះ។

ថ្លែងនៅក្នុងសុន្ទរកថារបស់លោកជំទាវ ឯកអគ្គរដ្ឋទូត Kocaefe បានវាយតម្លៃដំណើរការរយៈពេល ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោកជំទាវបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗក្នុងការបង្កើត និងអភិវឌ្ឍទំនាក់ទំនងការទូតរវាងកម្ពុជា និងតួកគី ដោយកត់សម្គាល់ថា ប្រទេសទាំងពីរដំណើរការដោយមានគោលដៅ និងតម្លៃដូចគ្នានៅក្នុងគោលនយោបាយការបរទេស។ ដូច្នេះហើយលោកស្រីបានបញ្ជាក់ថា វាមានសក្ដានុពលយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវបានលើកឡើងពីកិច្ចសហការក្នុងតំបន់ និងកំណែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិជាឧទាហរណ៍។ លោកជំទាវ Kocaefe បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលកំពុងដំណើរការនាពេលបច្ចុប្បន្នក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងវិស័យសេដ្ឋកិច្ចផ្សេងទៀត ជាពិសេសការលើកឡើងពីការកើនឡើងនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរទាក់ទងនឹងផលិតផលកសិកម្មដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី ក៏ដូចជាការនាំចេញវាយនភណ្ឌផងដែរ។

សម្រាប់លោកជំទាវដើម្បីអភិវឌ្ឍទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌បន្ថែមទៀត លោកស្រីបានស្នើឱ្យមានការសហការ កម្មវិធីផ្លាស់ប្តូរ និងសកម្មភាពសិល្បៈអោយមានការរៀបចំឡើង។ លោកជំទាវក៏បានកត់សម្គាល់ផងដែរថា យុវជនកម្ពុជាដែលសិក្សាភាសាតួកគីនៅវិទ្យាស្ថាន យូនូស អេមរ៉េ មជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងរាជធានីភ្នំពេញ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកជំទាវបានបញ្ជាក់ថា គម្រោងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍តួកគីរវាងតួកគីនិងកម្ពុជានឹងពង្រឹងលំហូរភ្ញៀវទេសចរ ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ។

ក្នុងកម្មវិធីនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ។ ក្នុងអំឡុងពេលនៃវគ្គសំណួរចម្លើយ តាមរយះការពិភាក្សាខាងលើ អ្នកចូលរួមវ័យក្មេងមានឱកាសសួរសំណួរអំពីប្រធានបទដែរពួកគេចាប់អារម្មណ៍។

 លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Neak Chandarith នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  

ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់មួយដើម្បីបញ្ជូនបន្តពីសារៈសំខាន់នៃទំនាក់ទំនងការទូត ទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសតួកគី និងកម្ពុជាដល់យុវជនជំនាន់ក្រោយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង