ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងការសហការជំរុញលំហូរទេសចររវាងកម្ពុជា និងខេត្តហីឡុងជាំង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា។
យោងតាមសេចក្តីប្រកាសបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ជួយជំរុញការផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍នៅកម្ពុជាឲ្យបានទូលំទូលាយដល់ប្រជាជនចិន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកដើរកម្សាន្តនៅកម្ពុជាឲ្យកាន់តែច្រើន រួមទាំទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់កម្ពុជា។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះក៏បានជួយជំរុញដោយទាក់ទាញអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះទេសចរជនជាតិចិនប្រមាណជាង ៥៤ម៉ឺននាក់។ ដោយរយះពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ ក្នុងនោះទេសចរជនជាតិចិនប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣៕