ភ្នំពេញ៖ ក្រសួងកិច្ចការនារីកម្ពុជា នឹងរៀបចំកម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ក្រោមប្រធានបទ«ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៤ ដែលបង្ហាញ និងគាំទ្រក្មេងស្រីនៅកម្ពុជា។
យោងតាមការចេញផ្សាយរបស់ក្រសួងកិច្ចការនារីកម្ពុជា បានបញ្ជាក់ថា កម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ធ្វើឡើងដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» សហការជាមួយអង្គការភ្លែនអន្តរជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅមាត់ទន្លេត្រើយម្ខាង ចាប់ផ្តើមពីម៉ោង ០៥: ៣០ព្រឹក ដោយរត់ចម្ងាយ ២,៥ និង ៥គីឡូម៉ែត្រ។ បន្ថែមពីនេះ ការចូលរួមកម្មវិធីឥតគិតថ្លៃ រួមទាំងបានអាវយឺត និងកាបូបផងដែរ។
សូមបញ្ជាក់ផងថា កម្មវិធីនេះ មិនត្រឹមតែរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញ និងចូលរួមក្នុងការគាំទ្រដល់ក្មេងស្រីនៅកម្ពុជាផងដែរ៕