រុស្ស៊ី៖ តុលាការកំពូលក្នុងស្រុកនៅតំបន់ Kursk នៃប្រទេសរុស្ស៊ីបានចេញដីកាចាប់ខ្លួនអ្នកកាសែតអាម៉េរិក CNN ដែលបម្រើនការឲ្យសហរដ្ឋអាម៉េរិក លោក Nick Walsh ជនជាតិអង់គ្លេសដែលបម្រើការក្នុង CNN ត្រូវបានរុស្ស៊ីចេញដីការចាប់ខ្លួនក្រោយរូបលោកបានរាយការណ៍ព័ត៌មានមួយចំនួនរបស់ស្ថានភាពសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលត្រូវបានរុស្ស៊ីចោទថាលោកបានឆ្លងដែនខុសច្បាប់ចូលប្រទេសរុស្ស៊ី។
តាមការចេញផ្សាយរបស់កាសែតរុស្ស៊ីប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខអន្តរជាតិរបស់បណ្តាញ CNN លោក Walsh ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់នៃប្រទេសរុស្ស៊ីកាលពីខែសីហា ដោយរូបលោកបានធ្វើដំណើរទៅកាន់តំបន់មួយចំនួនក្នុងតំបន់ Kursk ដែលកាន់កាប់ដោយយោធាអ៊ុយក្រែន។ តុលាការបានបង្គាប់ឱ្យតាមចាប់ខ្លួនលោក Nick Walsh ដើម្បីធ្វើការដាក់ទោសតាមច្បាប់ នៅក្រោមច្បាប់របស់រុស្ស៊ី លោក Walsh អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំលើការចោទប្រកាន់របស់តុលាការ។'
លោក Nick Walsh ជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមអ្នកសារព័ត៌មានលោកខាងលិចជាច្រើននាក់ ដែលបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនរុស្ស៊ីក្រោយអ៊ុយក្រែនបានវាយចូលព្រំដែនរុស្ស៊ីកាន់តែជ្រៅ។ កាលពីខែសីហា អាជ្ញាធររុស្ស៊ីបានផ្តួចផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានលោកខាងលិច និងអ៊ុយក្រែន ដែលបានធ្វើដំណើរទៅកាន់តំបន់កាន់កាប់របស់រុស្ស៊ី។
កាលពីពាក់កណ្តាលខែកញ្ញា ក្រសួងមហាផ្ទៃរុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានដាក់ចេញដីកាចាប់ខ្លួនអ្នកកាសែតបួននាក់ មកពីបណ្តាញសារព័ត៌មានអាម៉េរិក អាឡឺម៉ង់ និងអ៊ីតាលី និងជនជាតិអ៊ុយក្រែន ៣នាក់ ដោយក្នុងនោះរុស្ស៊ីបានចោទប្រកាន់អ្នកកាសែតលោកខាងលិចដែលបានឆ្លងកាត់ព្រំដែនចូលប្រទេសរុស្ស៊ីថាជាអ្នកផ្តល់ការឃោសនានិងជួយអ៊ុយក្រែនក្នុងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត រុស្ស៊ីក៏បានចាត់ទុកអ្នកកាសែតបរទេសដែលបង្កប់ជាមួយទាហានអ៊ុយក្រែនកំពុងរៀបចំល្បិចលាក់លាមការពិតពីឧក្រិដ្ឋកម្មដែលអ៊ុយក្រែនកំពុងតែបានធ្វើ៕