ភ្នំពេញ៖ នៅថ្ងៃទី១ នៃការប្រឡង នៅព្រឹកថ្ងៃទី៨ ខែតុលានេះ មានបេក្ខជនចំនួន ២៥នាក់មានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅថ្ងៃទី១ នៃការប្រឡងនេះ មានបេក្ខជនចំនួន ២៥នាក់ ករណីគ្រុនឈាម៣ករណី មកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងសន្តិសុខ ០១រូប ខេត្តកំពង់ចាម ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
ជាមួយគ្នានោះដែរ បេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងមានប្រមាណ១៣ម៉ឺន៧ពាន់៤០នាក់ បានចែកជា២៣០មណ្ឌល ហើយក្នុងមួយបន្ទប់បានត្រៀមដាក់បេក្ខជនប្រឡងចំនួន២៥នាក់។ ការប្រឡងបាក់ឌុបឆ្នាំនេះ មានរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី៨តុលានេះ ហើយនឹងបញ្ចប់នៅថ្ងៃទី៩តុលា៕