ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានជាថ្មីម្តងទៀតថាលោកអាចនិងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនិងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកប្រសិនបើមានការផ្ទុះសព្វាវុធណាមួយរវាងយោធាកូរ៉េខាងជើង។ ការព្រមានរបស់មេដឹកនាំកូរ៉េខាងជើងនេះធ្វើឡើងក្រោយភាពតានតឹងរវាងឧបទ្វីបកូរ៉េ និងអាម៉េរិកកំពុងតែបន្តកើតឡើង លោកក៏បានចោទសហរដ្ឋអាម៉េរិកជាអ្នកបង្កហេតុជាច្រើនដែលរុញច្រានស្ថានការណ៍ឲ្យដល់ផ្លូវទាល់។
ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទនៅឯសាកលវិទ្យាល័យ Kim Jong Un University of National Defense លោក គីមបានបញ្ជាក់ថាលោកនឹងប្រើប្រាស់សមត្ថភាពវាយប្រហារទាំងអស់របស់ខ្លួនប្រឆាំងនឹងសត្រូវរបស់ខ្លួនប្រសិនបើពួកគេព្យាយាមប្រើកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកូរ៉េខាងជើងដោយការឆ្លើយតបនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងមានភាពរហ័ស និងមិនធ្លាប់មានកន្លងមក។
ចាប់តាំងពីការអនុម័តគោលលទ្ធិនុយក្លេអ៊ែរឈ្លានពាននៅឆ្នាំ ២០២២ កូរ៉េខាងជើងបានប្តេជ្ញាម្តងហើយម្តងទៀតថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងព្យុងយ៉ាងស្ថិតនៅក្រោមការគំរាមកំហែងណាមួយរបស់ប្រទេសដទៃ។ ប៉ុន្តែអ្នកជំនាញជាច្រើនបានចោទសួរថា តើកូរ៉េខាងជើងពិតជាហានប្រើនុយក្លេអ៊ែរមែនរឺអត់ ពីព្រោះប្រសិនបើសង្រ្គាមនុយក្លេអ៊ែរមែននោះសម្ព័ន្ធមិត្តអាម៉េរិករួមទាំងជប៉ុន កូរ៉េខាងត្បូង និងបិតបញ្ចប់របបរបស់លោកគីមជុងអ៊ុន។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែក្តៅឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកូរ៉េខាងជើងបានបង្ហាញពីកន្លែងផលិតសារធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុផ្សំនុយក្លេអ៊ែរ និងបន្តការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ដែលធ្វើឲ្យស្ថានភាពក្នុងឧបទ្វីបកូរ៉េកាន់តែក្តៅឡើង៕