ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៧ តុលានេះ បានប្រកាសរៀបចំ«ដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម»នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ជាអង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និង ស្ថាប័នថ្នាក់ជាតិផ្សេងទៀត។
យោងតាមបណ្តាញសង្គមហ្វេកប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ផែនការដង្ហែអង្គកឋិនទៅកាន់វត្តខ្មែរក្រោមនេះ គឺបានគិតច្រើនឆ្នាំមកហើយ បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ជាអកុសលឪពុកសម្តេចទទួលមរណភាពនៅឆ្នាំ២០១៣ គ្រួសារសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើង គឺម្តាយក្មេកសម្តេចមានជម្ងឺ និង មរណភាព នៅឆ្នាំ២០២០ ក៏សម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។
បើតាមសម្តេច ហ៊ុន សែន ឆ្នាំនេះក្រុមគ្រួសារបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត និង បានឯកភាពគ្នាដោយការខិតខំរបស់ សម្តេច ម៉ែន សំអន បានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។សម្រាប់សម្តេច អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្តេចព្រះករុណា និង ភរិយា ចូលរួមដោយផ្ទាល់។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា "ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា"។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ តុលា កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំ«អង្គកឋិនទាន»ដើម្បីដង្ហែទៅកាន់វត្តខ្មែរកម្ពុជាក្រោមដោយកម្មការនេះមានសមាសភាពចូលរួម ២២រូប និង មានសម្តេច ម៉ែន សំអន ជាប្រធាន។
យោងតាមសេចក្តីសម្រេច គណៈកម្មការរៀបចំ«អង្គកឋិនទាន» មានសម្តេច ម៉ែន សំអន ជាប្រធាន លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ អមជាមួយអនុប្រធាន៣រូប គឺលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសីល្បៈ និង លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕