ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ តុលា កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំ«អង្គកឋិនទាន»ដើម្បីដង្ហែទៅកាន់វត្តខ្មែរកម្ពុជាក្រោមដោយកម្មការនេះមានសមាសភាពចូលរួម ២២រូប និង មានសម្តេច ម៉ែន សំអន ជាប្រធាន។
យោងតាមសេចក្តីសម្រេច គណៈកម្មការរៀបចំ«អង្គកឋិនទាន» មានសម្តេច ម៉ែន សំអន ជាប្រធាន លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ អមជាមួយអនុប្រធាន៣រូប គឺលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសីល្បៈ និង លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
យោងតាមប្រការ២នៃសេចក្តីសម្រេច គណៈកម្មការរៀបចំ«អង្គកឋិនទាន»នេះ មានកិច្ចការដឹកនាំ ចាត់តាំង និង រៀបចំអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោមឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិនិត្យដោះស្រាយបញ្ហានានាទាក់ទងនឹងអង្គឋិនទាន ធ្វើលិខិតអញ្ជើញភ្ញៀវចូលរួម រៀបចំគម្រោងគ្រប់គ្រងចំណូល និង អនុវត្តនូវកិច្ចការជាច្រើនទៀត ដើម្បីដំណើរការល្អនៃអង្គកឋិនទាន។
គណៈកម្មការរៀបចំ«អង្គកឋិនទាន»នេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី និង អាចជ្រើសរើសក្រុមជំនួយការបន្ថែម ដើម្បីជួយសម្រួលការងារនានាដល់អង្គកឋិនទាន ហើយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ក្រសួងពាក់ព័ន្ធមួយចំនួនទៀត ត្រូវចូលរួមអនុវត្តសេចក្តីសម្រេចនេះ។
ជាការកត់សម្គាល់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ចេញនូវសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន សម្តែងសេចក្តីរីករាយ និង គាំទ្រ ហើយប្រជាពលរដ្ឋមួយចំនួនទៀតត្រៀមចូលរួមតាមលទ្ធភាព ក្នុងកម្មវិធីបុណ្យកឋិនទានមួយនេះ៕