Cctimesw1140xh150cm copy

អាជ្ញាធរនិងប្រជាពលរដ្ឋរួមគ្នាដាំ«កូនត្នោត»តាមព្រំដែនកម្ពុជា-វៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

ប្រតិភូក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពលរដ្ឋ សរុប ប្រមាណ ១០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន ៧០០០ដើម បន្ថែមទៀត ដើម្បីដាំបង្ហើយ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពេលថ្មីៗកន្លងមកនេះ លោក អ៊ាង សុផល្លែត បានជំរុញឲ្យដាំត្នោតជាជួរបានច្រើន ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងចូលរួមការពារអត្តសញ្ញាណជាតិ និងទឹកដីមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងជំរុញការអនុវត្តយុទ្ធនាការ«ពន្លកបៃតង» ដោយចូលរួមដាំឈើ ឱ្យបាន៣លានដើម បន្ថែមទៀត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ ខណៈនៅក្នុងឆ្នាំ២០២៤ តាមរយៈយុទ្ធនាការ បណ្តុះផ្នត់គំនិត ពន្លកបៃតង របស់ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម ដាំស្តារព្រៃ និងនៅតាមទីសាធារណៈ បានចំនួន ១,៣លានដើម។ ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះផងដែរ។

នៅឆ្នាំ២០២៥ខាងមុខនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានត្រៀមកូនត្នោតចំនួនជាង១លានដើម ផងដែរ សម្រាប់បន្តដាំនៅតាមតំបន់សហគមន៍ ក្បែរក្រវាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។ កោលបំណងសំខាន់នៃយុទ្ធនាការ ពន្លកបៃតង គឺបង្កើនគម្របបៃតងឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនគម្របព្រៃឈើឲ្យបាន ៦០% និងកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត បានចែកកូនត្នោត ដោយឥតគិតថ្លៃ ចំនួនសរុបជាង២០ ០០០ ដើមរួចមកហើយ ដើម្បីដាំតាមខ្សែក្រវ៉ាត់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្រ្តី បានផ្តល់អំណោយកូនត្នោត ចំនួន១០ ០០០ដើម និងអញ្ជើញចូលរួមដាំដោយផ្ទាល់ជាមួយ រដ្ឋបាលខេត្ត យុវជន សិស្សានិសុស្ស និងប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង