Cc time web banner 054637

ជំងឺអាសន្នរោគនៅស៊ូដង់ផ្ដាច់ជីវិតមនុស្សជាង៤៣០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស៊ូដង់៖ មនុស្សជាង ៤៣០នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគក្នុងមួយខែកន្លងមក ចំពេលដែលសង្គ្រាមស៊ីវិលនៅតែបន្តវាយប្រហារក្នុងប្រទេសស៊ូដង់ ភ្លើងសង្រ្គាមក្នុងតំបន់បានបង្កឲ្យចំនួននៃការឆ្លងមេរោគបានកើនឡើងដល់ប្រហែល ១៤,០០០ករណី ដែលកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទូទាំងប្រទេស។

លោក Tom Perriello បេសកជនពិសេសរបស់សហរដ្ឋអាម៉េរិកប្រចាំប្រទេសស៊ូដង់ បាននិយាយថា ការព្យាបាលនៅតំបន់រងផលប៉ះពាល់ទាំងនោះ មានភាពស្មុគស្មាញយ៉ាងខ្លាំងដោយជម្លោះកំពុងបន្តដែលបានសម្លាប់មនុស្សរហូតដល់ ១៥០,០០០នាក់ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមកាលពីឆ្នាំមុន។ អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ត Médecins Sans Frontières (MSF) ក៏បានរាយការណ៍ថា ប្រព័ន្ធសុខាភិបាលក្នុងប្រទេសស៊ូដង់បានដួលរលំ ហើយស្ត្រីមានផ្ទៃពោះ និងកុមារដែលទើបនឹងកើតកំពុងស្លាប់ក្នុងចំនួនដ៏អាក្រក់បំផុត ហើយជំងឺអាសន្នរោគ គឺជាជំងឺវិវត្តន៍ឆាប់រហ័ស និងឆ្លងខ្លាំងអាចបណ្តាលឱ្យខ្សោះជាតិទឹក និងត្រូវការព្យាបាលយ៉ាងឆាប់រហ័សបំផុត បើមិនដូចច្នោះអាចនឹងបង្កឲ្យស្លាប់។

ជំងឺនេះ កើតឡើងដោយសារតែ សង្រ្គាម ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានកើតឡើងដែលបង្កឲ្យមានការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដោយការប្រមូលផ្តុំហ្វូងមនុស្សនៅក្នុងជំរុំផ្លាស់ទីលំនៅ។ នៅតាមតំបន់មួយចំនួនសាលារៀន ផ្សារ និងហាងនានាត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

គួរបញ្ជាក់ថាសង្រ្គាមស៊ីវិលនៅស៊ូដង់បានផ្ទុះឡើងកាលពីឆ្នាំ ២០២៣ រវាងក្រុមគូប្រជែងសំខាន់ពីររបស់រដ្ឋាភិបាលយោធាស៊ូដង់ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ក្រោមការដឹកនាំរបស់លោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សរបស់យោធា និងសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់ លោក Hemedti៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង