ភ្នំពេញ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរាជធានីភ្នំពេញ ព្រះសង្ឃនៅតាមវត្តជាច្រើនក្នុងរាជធានី ចែកម្ហូបអាហារ ដែលពុទ្ធបរិស័ទប្រគេន ទៅឲ្យប្រជាពលរដ្ឋខ្វះខាត់ និងមន្ទីរពេទ្យមួយចំនួន។ជាក់ស្តែងដូចជា វត្តបទុមវតី តែងយកបបរ និងម្ហូបអាហារ ទៅផ្ដល់ដល់អ្នកជំងឺនៅមន្ទីរពេទ្យ រៀងរាល់ឆ្នាំ។
ព្រះតេជគុណ ព្រីង ឆាង ព្រះសង្ឃវត្តបទុមវតីរាជវរារាម បានប្រាប់ ស៊ីស៊ីថាមស៍ ថា វត្តរបស់ព្រះអង្គ តែងយកបបរ ទៅមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលនាំកូនមកមន្ទីរពេទ្យ ជួយសម្រាលបន្ទុកការចំណាយមួយផ្នែកដល់ពួកគាត់។បបរ ទាំងអស់នោះ គឺបានមកពីម្ចាស់វេនបិណ្ឌដែលប្រគេនព្រះសង្ឃ ហើយពេលព្រះសង្ឃឆានរួចក៏បានចាត់ចែងដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផានៅខាងជើងវត្ត។
បើតាមព្រះតេជគុណ ព្រីង ឆាង នៅវត្តបទុមវតីរាជវរារាម រៀបចំការចែកបបរតាំងពីបិណ្ឌទី១ ដល់បិណ្ឌទី១៥ ជាបបរថ្មី រៀបចំឡើងដោយម្ចាស់វេនកាន់បិណ្ឌ តាមការស្នើសុំពីព្រះសង្ឃជាមួយចិត្តជ្រះថ្លារបស់ម្ចាស់វេនកាន់បិណ្ឌនិមួយៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលគាត់លំបាក់។
គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម៕