Cc time web banner 054637

សហព័ន្ធស្រូវអង្ករកម្ពុជាចុះMOUជាមួយក្រុមហ៊ុនអាម៉េរិកបើកទីផ្សារ«អង្ករកម្ពុជា»កាន់តែធំនៅអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនិងក្រុមហ៊ុន Otis McAllister Inc. ចុះMOUជាមួយគ្នា នៅថ្ងៃទី ២២ កញ្ញា ឆ្នាំ២០២៤។រូបភាព CDC

ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនយក្សរបស់អាម៉េរិក នៅថ្ងៃទី ២២ កញ្ញានេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារ ដើម្បីបើកឱកាសឱ្យកម្ពុជាផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត នាំចូលទៅកាន់ទីផ្សារអាម៉េរិកកាន់តែច្រើនបន្ថែមទៀត។ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារៀបចំឡើងតំណាងដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ជាមួយនិងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និង គ្រាប់ធញ្ញជាតិ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និង លើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។

តាមរយៈMOUនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។ បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា "ផលិតនៅប្រទេសកម្ពុជា" រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WallMart ជាដើម។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារ, ចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧,២០៤ តោន ទទួលបានទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារ, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន ទទួលបានទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារ និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀត ចំនួន ៣៨ ០៣២ តោន ទទួលបានទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារ។

ប្រភេទអង្ករបាននាំចេញ ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២% ប្រភេទអង្ករសធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង