តៃប៉ិ៖ មនុស្សពីរនាក់មកពីក្រុមហ៊ុនតៃវ៉ាន់ផលិតវិទ្យុទាក់ទងមួយត្រូវបានប៉ូលីសជំនាញនៃកោះតៃវ៉ាន់ធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការផ្ទុះម៉ាស៊ីនផ្ញើសារអេឡិចត្រូនិច (Pagers) ក្នុងប្រទេសលីបង់ពីរថ្ងៃជាប់ៗគ្នាដោយបណ្តាលឲ្យមានមនុស្សជាង ៤០នាក់ស្លាប់ និងប្រមាណ ៣០០០នាក់ផ្សេងទៀតរងរបួស។
យោងតាមកាសែត New York Times បានរាយការណ៍ថាអ៊ីស្រាអែលបានបញ្ចូលសារធាតុផ្ទុះទៅក្នុងវិទ្យុទាក់ទងរបស់ក្រុមហ៊ុនផលិតអាយកូម និងប្រព័ន្ធផ្ញើសារអេឡិចត្រូនិច Gold Apollo របស់តៃវ៉ាន់។ប្រធានក្រុមហ៊ុន Gold Apollo លោក Hsu Ching-kuang បានបដិសេធមិនបានរួមបញ្ចូលសារធាតុផ្ទុះចូលក្នុងការផលិតឧបករណ៍នេះឡើយ លោកបានអះអាងក្រុមហ៊ុន BAC Consulting KFT ដែលជាដៃគូដែលមានមូលដ្ឋាននៅប្រទេសហុងគ្រីអាចនិងជាអ្នកនៅពីក្រោយក្នុងការបញ្ចូលសារធាតុបញ្ជាផ្ទុះក្នុងសារអេឡិចត្រូនិច។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សទី ២ ដែលត្រូវបានចោទសួរគឺលោក Wu Yu-jen តំណាងក្រុមហ៊ុន BAC Consulting KFT ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិដែលមានឈ្មោះថា "Apollo Systems" ។ការិយាល័យរដ្ឋអាជ្ញានៅស្រុក Shilin ទីក្រុងតៃប៉ិបានបញ្ជាក់ទៀតថាអាជ្ញាធរតៃវ៉ាន់យកចិត្តទុកដាក់លើករណីនេះយ៉ាងខ្លាំង។
ចំណែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃកោះតៃវ៉ាន់លោក Kuo Jyh-huei បានឲ្យដឹងថាផលិតនៅតៃវ៉ាន់របស់ក្រុមហ៊ុន Gold Apollo មានសមាសធាតុ "IC កម្រិតទាប (សៀគ្វីរួមបញ្ចូលគ្នា) និងថ្ម ដោយវត្ថុទាំងនេះមិនអាចផ្ទុះបានឡើយ លោកបន្តទៀតថាក្រុមហ៊ុន Gold Apollo បាននាំចេញ ២៦ម៉ឺនគ្រឿងនៃម៉ាស៊ីផ្ញើសារអេឡិចត្រូនិច ក្នុងរយៈពេល ២ ឆ្នាំកន្លងមកហើយ ហើយការផ្ទុះនេះអាចនិងពាក់ព័ន្ធជាមួយក្រុមហ៊ុនផ្សេងដែលទិញសិទ្ធក្នុងការផលិតសារអេឡិចត្រូនិចនេះបន្ត៕