វៀតណាម៖ តុលាការក្រុងហាណូយនាល្ងាចទី ១៩ កញ្ញាបានសម្រេចក្តីកាត់ទោសមហាសេដ្ឋីអចលនទ្រព្យបោកប្រាស់ប្រហារជីវិតក្នុងបទឆបោកប្រាក់សរុបចំនួន ២៧ ពាន់លានដុល្លារ និងជាប់ពាក់ព័ន្ធជាមួយនិងការលាងលុយកង្វក់។ ការសម្រេចក្តីនេះធ្វើឡើងក្រោយពីតុលាការបានស៊ើបអង្កេតលើលោកស្រីតាំងពីដើមខែមេសាមក។
លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ Van Thinh Phat ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធជាប់ពាក់ព័ន្ធជាមួយនិងអំពើពុករលួយទ្រង់ទ្រាយធំ និងការលាងលុយកង្វក់រាប់លានដុល្លារ ដោយលោកស្រីធ្វើការឆបោកអស់រយៈពេលជាងមួយទសវត្សរ៍ ដែលជាសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ លោកស្រី Lan និងចុងចោទចំនួន ៣៣ នាក់ផ្សេងទៀតត្រូវបាននាំទៅកាន់ តុលាការនៅទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍។
ល្បិចឆបោកលោកស្រីបានអូសទាញមនុស្សប្រមាណជាង ៣៦,០០០នាក់ បានរងគ្រោះក្នុងការដាក់ប្រាក់របស់ពួកគេទទួលបានការប្រាក់ខ្ពស់។ លោកស្រី Lan និងអ្នកផ្សំគំនិតបានលួចលុយប្រហែល ១៨ ពាន់លានដុល្លារ ដោយយកទ្រព្យសម្បត្តិពីធនាគារ SCB (Saigon Commercial Bank) និងចេញមូលបត្របំណុលនៅចន្លោះដើមឆ្នាំ ២០១៨ និងខែតុលា ឆ្នាំ ២០២២។ ជនរងគ្រោះរាប់សិបនាក់ក្នុងសំណុំរឿងនេះ បានធ្វើការតវ៉ានៅកណ្តាលទីក្រុងហាណូយក្នុងសប្តាហ៍នេះ ដោយទាមទារឱ្យអាជ្ញាធរដោះស្រាយដើម្បីយកប្រាក់របស់ពួកគេមកវិញ៕