វៀតណាម៖ ប្រទេសវៀតណាមនិងរងការវាយប្រហារពីព្យុះត្រូពិកថ្មីមួយទៀតបន្ទាប់ពីព្យុះយ៉ាកជីបានស្ងប់ស្ងាត់មួយរយៈ ព្យុះត្រូពិចថ្មីនេះនិងវាយប្រហារតំបន់មួយចំនួននៃប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយព្យុះនេះមានកម្លាំងខ្យល់បក់បោកក្នុងល្បឿន ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាមនៅពេលរសៀល។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះនេះស្ថិតនៅចំកណ្តាល ២៦០ គីឡូម៉ែត្រពីខេត្ត Quang Tri និង ២១០ គីឡូម៉ែត្រពីទីក្រុង Da Nang នៅព្យុះនេះត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅទិសខាងលិច ហើយសំដៅទៅកាន់ខេត្ត Quang Tri មុនពេលធ្វើដំណើរឆ្ពោះទៅប្រទេសឡាវ។ ព្យុះថ្មីនេះនឹងធ្វើឱ្យមានការបាក់ដីក្នុងតំបន់រវាងខេត្ត Quang Tri និងខេត្ត Thua Thien Hue ដែលជាខេត្តក្បែរគ្នាជាមួយនឹងកម្លាំងខ្យល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះកំណាចថ្មីនេះនៅមិនទាន់ត្រូវបានគេស្គាល់ឈ្មោះច្បាស់នៅឡើយនោះទេគ្រាន់តែដឹងថាជាព្យុះទីបួនដែលកើតឡើងនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ។ ព្យុះថ្មីនេះកើតឡើងក្រោយពីប្រទេសវៀតណាមកំពុងងើបឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះទីហ្វុង Yagi ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាមកាលពីថ្ងៃទី ៧ ខែកញ្ញា ហើយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៩៨នាក់ បណ្តាលឲ្យមនុស្ស ៣៥ នាក់ផ្សេងទៀតបាត់ខ្លួន និងបង្កការខូចខាតតំបន់រងគ្រោះដែលមានតម្លៃប្រហែល២ពាន់លានដុល្លារ៕