រុស្ស៊ី៖ អភិបាលក្រុង Tver លោក Igor Rudenya នារសៀលទី ១៨កញ្ញានេះបានប្រកាសការជម្លៀសពលរដ្ឋរុស្ស៊ីចេញពីតំបន់ Toropetz ដែលតំបន់មួយមានពលរដ្ឋរុស្ស៊ីរស់នៅជាង១ម៉ឺននាក់។ ការប្រកាសជម្លៀសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមានការវាយប្រហាររបស់ដ្រូនអ៊ុយក្រែនលើតំបន់ Toropetz ។ រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន និងជម្លៀសពលរដ្ឋក្នុងតំបន់វាយប្រហារទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។
បើតាមលោក Igor Rudenya ការការពារដែនអាកាសរបស់ទីក្រុងត្រូវបានបន្លឺសម្លេងស៊ីរ៉ែន និងបាញ់កម្ទេចដ្រូនរបស់អ៊ុយក្រែនដែលគ្រោងនិងវាយប្រហារតំបន់ Toropetz បំណែកយន្តហោះដ្រូនអ៊ុយក្រែនជាច្រើនបានធ្លាក់ចុះពាស់ពេញដី។ ការវាយប្រហាររបស់អ៊ុយក្រែនមានយន្តហោះដ្រូនសរុបចំនួន ៥៤ គ្រឿងត្រូវបានបំផ្លាញពេញមួយយប់នៅក្នុងតំបន់ចំនួន ៥ របស់រុស្ស៊ី។
ថ្មីៗនេះអ៊ុយក្រែនបានបង្កើនការវាយឆ្មក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដោយផ្តោតជាចម្បងលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកម្ទេចកន្លែងដែលទាហានរុស្ស៊ីលាក់ខ្លួន។ កាលពីដើមខែនេះដ្រូនអ៊ុយក្រែនបានវាយប្រហារលើផ្ទះល្វែងខ្ពស់ចំនួនបីនៅក្នុងទីក្រុង Ramenskoye ដោយបានសម្លាប់មនុស្សម្នាក់ និងបីនាក់ផ្សេងទៀតរងរបួស៕