វៀតណាម៖ បុរសម្នាក់នៅទីក្រុងហូជីមិញត្រូវបានប៉ូលីសវៀតណាមពិន័យទឹកប្រាក់ចំនួន ១០ លានដុង (៤១០ ដុល្លារអាម៉េរិក) បន្ទាប់ពីរូបគេបានយកលុយ IShowspeed ប្រមាណ ៤០ដុល្លារពីថ្នូជិះស្គីយន្តត្រឹមតែ ៥នាទី។ ការដាក់ពិន័យធ្ងន់ធ្ងរនេះធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មរបស់ពលរដ្ឋវៀតណាមជាច្រើនរូបលើបុរសនេះដែលកោរលុយ Youtuber ដ៏ល្បីល្បាញនៅទូទាំងពិភពលោកដែលគេស្គាល់ថា IShowspeed។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមបុរសដែលជាម្ចាស់ស្គីត្រូវបានទទួលការផាកពិន័យ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាបានគិតប្រាក់លើតារា Youtuber IShowsspeed (40,74 ដុល្លារ) សម្រាប់ការជួលស្គីអូតូ(hoverboard) រយៈពេល ៥ នាទីនៅលើផ្លូវ Nguyen Hue ដែលជាតម្លៃមួយខុសពីធម្មតាជាខ្លាំង។ ក្រោយមានការបង្ហោះក្នុង Youtube របស់ Ishowspeed មានពលរដ្ឋវៀតណាមជាច្រើនចូលបញ្ចេញមតិក្នុងការយកតម្លៃថ្លៃកប់ពពកបែបនេះ ដោយជាទូទៅ hoverboard ជួលជិះក្នុងរយៈពេល ១៥នាទី តម្លៃត្រឹមតែ ២ដុល្លារតែប៉ុណ្ណោះ។
ចម្លើយទៅកាន់ប៉ូលីសវៀតណាម បុរសនោះបានសារភាពថា ជាធម្មតាលោកបាននាំយក hoverboards ចំនួនបី ទៅកាន់ផ្លូវថ្មើរជើង Nguyen Hue សម្រាប់ជួល ហើយបានដាក់តម្លៃ ១០០ដុល្លារក្នុងមួយម៉ោងជួលទៅឱ្យជនបរទេស។
មន្រ្តីវៀតណាមបានឲ្យដឹងទៀតថានៅព្រឹកថ្ងៃអាទិត្យ អ្នកតំណាងប៉ូលីសបានអមដំណើរម្ចាស់ស្គីទៅកាន់សណ្ឋាគារដែល IShowSpeed ស្នាក់នៅ ដើម្បីប្រគល់ប្រាក់ជូនរូបគេវិញ។ IShowspeed បានទទួលនូវលុយវិញនិងបានបញ្ចាក់ថាឧប្បត្តិហេតុនេះមិនធ្វើឲ្យប៉ះពាល់រូបគេឡើយ។
គួរបញ្ជាក់ថា IShowSpeed ដែលមានឈ្មោះពិតថា Darren Watkins Jr. គឺជា Youtuber ដ៏ល្បីរូបគេមានអាយុទើបតែ ១៩ ឆ្នាំដែលគេស្គាល់ដោយសារការបង្ហោះវីដេអូអំពីជីវិតរបស់គាត់ និងជួបជាមួយមនុស្សល្បីៗលើពិភពលោក។ លោកបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីទេសចរណ៍ និងចូលរួមព្រឹត្តិការណ៍សារព័ត៌មានរបស់វៀតណាម៕