អាម៉េរិក៖ បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ នាថ្ងៃ ១៦ កញ្ញានេះត្រូវបានរងការលួចធ្វើឃាតជាលើកទី២លើរូបលោក ការលួចធ្វើឃាតលោកនេះកើតឡើងក្នុងទីទាំងដែលលោកកំពុងវាយកូនហ្គោលនៅតំបន់ West Palm Beach រដ្ឋ Florida។ ភ្នាក់ងារសេវាសម្ងាត់របស់សហរដ្ឋអាម៉េរិកបានប្រទះឃើញ និងបាញ់ទៅលើខ្មាន់កាំភ្លើងនៅក្នុងគុម្ពោតព្រៃមួយដោយខ្មាន់ កាំភ្លើងប្រើ AK-47 ប៉ងធ្វើឃាតលោកត្រាំ ភ្លាមៗក្រោយបាញ់តបស្កាត់ខ្មាន់កាំភ្លើង ជនដៃដល់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានរត់គេចពីកន្លែងកើតហេតុ។
យោងតាមកាសែត New York Times ប៉ូលីសម្ងាត់អាម៉េរិកបានបានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា Ryan Wesley Routh អាយុ ៥៨ ឆ្នាំមកពីរដ្ឋ Hawaii។FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអត្តសញ្ញាណរបស់ជនសង្ស័យលំអិតនៅឡើយនោះទេ ដោយប៉ូលីសកំពុងបើការស៊ើបអង្កេតនិងសួរចម្លើងជនដៃដល់។
ជាការឆ្លើយតបទៅនិងការធ្វើឃាតលោកត្រាំលើកទី២នេះ លោកប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris បានសម្តែងការសោកស្តាយជុំវិញឧបទ្ទវហេតុបែបនេះកើតឡើងក្នុងទឹកដីអាម៉េរិក។ លោកបៃដិនបានបញ្ជាក់ថាហេតុការណ៍បែបនេះមិនគួរមានបន្តទៅខាងមុខទៀតឡើយ លោកអំពាវនាវឲ្យមន្រ្តីបើការស៊ើបអង្កេតនិងស្វែងរកអ្នកដែលពាក់ព័ន្ធ។
គួរបញ្ជាក់ថានេះជាលើកទី២ហើយដែលលោកត្រាំត្រូវបានឃាតករលួចធ្វើឃាតដោយលើកទី១ លោកត្រូវបានបាញ់ប្រហារនៅថ្ងៃទី ១៤ កក្កដា បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ដើម្បីប៉ុនប៉ងធ្វើឃាតលើរូបលោក។ការបាញ់ប្រហារនេះ ធ្វើឡើងក្នុងពេលរូបលោកកំពុងនៅលើឆាកនៅឯការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania។
ក្នុងហេតុការណ៍បាញ់ប្រហារនោះ នាំឱ្យអ្នកគាំទ្រម្នាក់បានស្លាប់ និង មួយចំនួនទៀតរងរបួស ចំណែកខ្មោន់កាំភ្លើងត្រូវបានបាញ់សម្លាប់ភ្លាមៗ ហើយអ្នកគាំទ្រដ៏ទៃផ្សេងទៀត ត្រូវបានប៉ូលិសបានចាប់ផ្តើមជម្លៀសមនុស្សចេញពីកន្លែងកម្មវិធីភ្លាមៗ បន្ទាប់ពីលោក Trump ចាកចេញពីឆាក។ក្រុមអ្នកស្រាវជ្រាវប្រចាំតំបន់ បានចាត់ទុកថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតថាជាការប៉ុនប៉ងធ្វើឃាត។'
ការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នេះ កើតមានឡើង មិនដល់រយៈពេល ២ខែ នោះឡើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ជាពេលលោក ត្រាំ ត្រូវប្រកួតប្រជែងសាជាថ្មី ជាមួយអនុប្រធានធិបតីបច្ចុប្បន្ន គឺលោកស្រី Kamala Harris។ លោក ត្រាំ ធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ក្រោយចាញ់លោក បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕