បាងកក៖ ព្យុះយ៉ាកជីដែលបានបោកបក់លើប្រទេសថៃក្នុងខេត្តឈៀងរ៉ៃប៉ុន្មានថ្ងៃមកនេះបានបណ្តាលឲ្យមានមនុស្ស ៣៣នាក់បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះមានផ្ទះសម្បែង ហេដ្ឋរចនាសម្ព័ន្ធជាច្រើនក្នុងខេត្តឈៀងរ៉ៃរងការខូចខាតជាខ្លាំងមិនធ្លាប់មានពីរមុនមក។ ថៃបានពង្រាយទាហានរាប់ពាន់នាក់ទៅកាន់ខេត្តដែលកំពុងរងគ្រោះដើម្បីជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងព្យុះវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរ៉យទ័រនាល្ងាចថ្ងៃសុក្រនេះ។
តាមរដ្ឋាភិបាលថៃគិតត្រឹមថ្ងៃសុក្រនេះមានពលរដ្ឋថៃប្រមាណ ៣៣នាក់បានស្លាប់បាត់បង់ជីវិតពីព្យុះយ៉ាកជី និងកន្លែងទេសចរណ៍ និងផ្ទះពលរដ្ឋរាប់ម៉ឺនខ្នងត្រូវបានទឹកជន់លិចស្ទើតែទាំងស្រុង។ ជាការឆ្លើយតបជាមួយនិងគ្រោះអាសន្នរដ្ឋាភិបាលថៃបានបញ្ចូនកងកម្លាំងទាហានជាច្រើនពាន់នាក់ជួយសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះដោយទឹកជំនន់។
អាជ្ញាធរគ្រោងនឹងបញ្ជូនស្បៀងអាហារ និងទឹកទៅឲ្យទៅទេសចរប្រមាណ ៣,០០០ នាក់ ដែលបានដើរលេងនៅតំបន់នៃខេត្តឈៀងរ៉ៃ។ ដោយក្នុងនោះមានមនុស្ស ២០០ នាក់ផ្សេងទៀតបានជាប់នៅក្នុងសាលារៀមួយ ដោយរង់ចាំការជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ។ការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍បានចេញការព្រមានដល់ខេត្តចំនួន ៣៦ រួមទាំងរដ្ឋធានីបាងកកដែលទឹកជំនន់ដែលអាចកើតមានភ្លាមៗដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន។
គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះត្រូពិចយ៉ាកជី រួមជាមួយនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា បាននាំឱ្យជន់លិចស្រុក Mae Sai ខេត្ត Chiang Rai របស់ប្រទេសថៃ។ តំបន់ផ្សារ Thee Sai Lom Choi ក្បែរស្ពានទន្លេ Sai ត្រូវជន់លិច ដោយកម្រិតទឹកក្នុងតំបន់រងគ្រោះមានកម្ពស់លើសពី ១ ម៉ែត្រ ជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋថៃជាច្រើនគ្រួសារ ខណៈពលរដ្ឋខ្លះសម្រេចចិត្តរស់នៅលើដំបូលផ្ទះ៕