Cctimesw1140xh150cm copy

ក្រសួងអប់រំច្រានចោលព័ត៌មានពាក់ព័ន្ធ«កាត់ប្រាក់ខែគ្រូ»ចូលវិភាគទានគម្រោងអភិវឌ្ឍន៍តាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែកញ្ញា នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងមិនបានសួរយោបល់ពីគ្រូបង្រៀន។

ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាព បំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ចេញសេចក្តីណែនាំ ឬធ្វើការបង្ខិតបង្ខំណាមួយ ឱ្យបុគ្គលិកអប់រំ កាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នោះឡើយ។ ក្រសួងអប់រំបានបញ្ជាក់ថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួនបានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់រតនាគារ ចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្ដង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង