Cc time web banner 054637

អង្គការទស្សនៈពិភពលោក បិទបញ្ចប់កម្មវិធីតំបន់ចំនួន៤ ដែលផ្តល់ផលដល់ពលរដ្ឋ និងកុមារសរុបជិត ១៧ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

អាជ្ញាធរមូលដ្ឋាន សហគមន៍ កុមារ និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានប្រារព្ធពិធីបញ្ចប់ដោយជោគជ័យកម្មវិធីតំបន់ចំនួន៤នៅក្នុងស្រុកគិរីវង់ គូលែន សូត្រនិគម និងប្រាសាទបល្ល័ង្ក ក្នុងខែសីហា ឆ្នាំ ២០២៤។​ ការប្រារព្ធពិធីអបអរសាទរនេះ ជាការចាប់ផ្តើមដំណាក់កាលថ្មីមួយនៃដំណើរការការផ្លាស់ប្រែដែលគាំទ្រដោយអង្គការទស្សនៈពិភពលោក នៅក្នុងស្រុកចំនួនបួន ដែលផ្តល់ផលដល់ប្រជាពលរដ្ឋជាង ១២៤ ០០០ នាក់ រួមទាំងកុមារចំនួនជាង ៤៥ ០០០ នាក់។

រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ កម្មវិធីតំបន់របស់អង្គការទស្សនៈពិភពលោក បានពង្រឹងសិទ្ធិអំណាចដល់ប្រជាជនក្នុងភូមិចំនួន ១០៣ ក្នុងឃុំចំនួន ១៥ នៃស្រុកចំនួន ៤ តាមរយៈការលើកកម្ពស់ភាពជាម្ចាស់មូលដ្ឋាន និងនិរន្តរភាព។ វិធីសាស្រ្តចូលរួមដែលពាក់ព័ន្ធ កៀរគរសមាជិកសហគមន៍ក្នុងការធ្វើផែនការ ការអនុវត្ត និងគម្រោងវាយតម្លៃ ដែលធានាថាគំនិតផ្តួចផ្តើម ត្រូវបានកែសម្រួលទៅតាមតម្រូវការ និងអាទិភាពជាក់ស្តែងរបស់សហគមន៍។ ក្នុងអំឡុងពេលនោះ កុមារងាយរងគ្រោះបំផុតចំនួន ២៤ ០៧៣ នាក់ និងគ្រួសាររបស់ពួកគេបានទទួលការគាំទ្រដើម្បីជំនះភាពក្រីក្រ តាមរយៈគម្រោងដោះស្រាយកង្វះអាហារូបត្ថម្ភ ការទទួលបានសុខភាព និងអនាម័យ ការកែលម្អការអប់រំ ការពង្រឹងសិទ្ធិអំណាចយុវជន និងការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។

តាមរយៈអន្តរាគមន៍ទាំងនេះ សហគមន៍ចំនួន ១០៣ បានឃើញពីការកែលម្អសំខាន់ៗដូចជា៖

• ភាគរយនៃគ្រួសារដែលមានបង្គន់ កើនឡើងពី ៦% ទៅ ៩៣%

• គ្រួសារទទួលបានទឹកស្អាត កើនឡើងពី ៣១% ទៅ ៨៤%

• សិស្សរៀនថ្នាក់ទី៣ ដែលអាចអានបានល្អ ៣៨% ទៅ ៦២%។

លោកជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងប្រារព្ធរឿងរ៉ាវនៃការផ្លាស់ប្តូរនៅកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គម ដែលកើតចេញពីភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងចក្ខុវិស័យរួមគ្នាសម្រាប់សុខុមាលភាពកុមារ។ នេះគឺជារឿងរ៉ាវនៃក្តីសង្ឃឹម ភាពធន់ និងការសហការរបស់យើង។ យើងមានទំនុកចិត្តលើផលវិជ្ជមានប្រកបដោយនិរន្តរភាពដែលយើងបានអនុវត្ត និងការផ្លាស់ប្តូរយូរអង្វែងដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អង្គការទស្សនៈពិភពលោក មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃដំណើរនេះ ហើយបានបន្សល់ទុកនូវសហគមន៍ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តភាពរីកចម្រើន»។

កុមារ និងយុវជន បានចែករំលែកការចងចាំនៃដំណើរការអភិវឌ្ឍរបស់ពួកគេជាមួយអង្គការទស្សនៈពិភពលោក៖

រក្សា ជាកុមារទំនុកបម្រុងនៅស្រុកគូលែន បានលើកឡើងថា៖ «កាលពីមុន គ្រួសារ និងសហគមន៍មិនឱ្យតម្លៃការចូលរួមសកម្មភាពអភិវឌ្ឍន៍សហគមន៍នោះទេ ហើយខ្ញុំជាក្មេងស្រីម្នាក់ខ្វះភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង។ ឥឡូវនេះ ខ្ញុំក្លាយជាក្មេងស្រីដែលពោរពេញដោយក្តីសង្ឃឹម និងជាភ្នាក់ងារនៃការផ្លាស់ប្រែសម្រាប់គ្រួសារ និងសហគមន៍ តាមរយៈសេវាស្ម័គ្រចិត្តសហគមន៍ និងការកសាងសមត្ថភាពពីអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា»។

ស៊ីថា ប្រធានក្លឹបយុវជននៅស្រុកគីរីវង់ បានរៀបរាប់ថា ៖ «ខ្ញុំដឹងគុណចំពោះចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីអង្គការទស្សនៈពិភពលោកអន្តរជាតិ។ ឱកាសទាំងនេះបានប្រែក្លាយខ្ញុំពីមនុស្សដែលខ្មាស់អៀន ទៅជាអ្នកដឹកនាំក្លឹបយុវជនដែលមានទំនុកចិត្ត ជាមួយសមត្ថភាពទំនាក់ទំនងដ៏រឹងមាំ និងការងារជាក្រុម។ ឥឡូវនេះ ក្នុងនាមខ្ញុំជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលអាចចែករំលែកចំណេះដឹងដល់ក្មេងៗក្នុងសហគមន៍របស់ខ្ញុំបាន»។

ខាងក្រោមនេះជាសមិទ្ធផលដែលសម្រេចបាននៅក្នុងកម្មវិធីតំបន់ទាំងបួន ៖

កម្មវិធីតំបន់ស្រុកគីរីវង់ ខេត្តតាកែវ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩ ផ្តល់ផលដល់ប្រជាជនចំនួន ១០ ៦៣៦ នាក់ ក្នុងនោះមានកុមារចំនួន ៦ ៤៨១ នាក់ ហើយមានចំនួន ៤ ៣០១ នាក់ ជាកុមារងាយរងគ្រោះបំផុត នៅក្នុងភូមិចំនួន ២៧។ កម្មវិធី បានបង្កើតឱ្យការអភិវឌ្ឍដូចជា៖

• ការអប់រំ

 អត្រាចុះឈ្មោះចូលរៀននៅកម្រិតសាលាបឋមសិក្សា បានកើនឡើងពី ៦០ % ក្នុងឆ្នាំ ២០០៩ ដល់១០០% នៅក្នុងឆ្នាំ២០២៣

 អត្រាបោះបង់ការសិក្សាបានធ្លាក់ចុះពី ៣៥ % មកត្រឹម ៥ %

• សុខភាព និងអាហារូបត្ថម្ភ

 ក្រុមសន្សំចំនួន ៤២ ត្រូវបានបង្កើតឡើងដើម្បីជួយសហគមន៍ កសាងភាពធន់ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច

 ប្រព័ន្ធតភ្ជាប់ទឹកចំនួន ៣ គ្រប់គ្រងដោយសហគមន៍កសិកម្ម ដែលផ្តល់ផលដល់កុមារចំនួន ២ ៧០៣ នាក់

 កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយឱ្យសហគមន៍កសិកម្មអាចគ្រប់គ្រង និងធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់ទឹក ផលិតភាពកសិកម្មរយៈពេលវែង និងភាពធន់ផ្នែកកសិកម្ម។

លោក អៀម ញឹម ប្រធានសហគមន៍កសិកម្មនៅឃុំតាអូរ ស្រុកគីរីវង់ បានចែករំលែកថា៖ «នៅពេលដែលសហគមន៍យើងបានយល់ដឹងពីការដាំបន្លែ ពួកគាត់អាចដាំដុះដំណាំបានពី ២ ទៅ ៣ ដងក្នុងមួយឆ្នាំ ហើយលទ្ធផលនេះបានធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន និងកាត់បន្ថយការធ្វើចំណាកស្រុក»។

កម្មវិធីតំបន់ស្រុកគូលែន ខេត្តព្រះវិហារ រយៈពេល ១៧ ឆ្នាំ មកនេះ បានផ្លាស់ប្រែជីវិតប្រជពលរដ្ឋចំនួន ៤៧ ៦១១ នាក់ ក្នុងនោះមានកុមារចំនួន ១១ ៨៤៧ នាក់ ហើយកុមារងាយរងគ្រោះបំផុតមានចំនួន ៦ ៤៣៩ នាក់ នៅក្នុងភូមិចំនួន ១៨។ ក្នុងចំណោមសមិទ្ធផលជាច្រើន សមិទ្ធផលសំខាន់ៗមានដូចជា៖

• សុខភាព និងអាហារូបត្ថម្ភ

 អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ ឆ្នាំ បានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ ២០០៦ មកនៅត្រឹម ២៦,៧ % ក្នុងឆ្នាំ ២០២៣

 សមាមាត្រនៃកំណើតដោយឆ្មបជំនាញបានកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៩,១ % ក្នុងឆ្នាំ ២០១១ រហូត ដល់ ១០០% ក្នុងឆ្នាំ ២០២៣។

• ទឹក និងអនាម័យ

 គ្រួសារចំនួន ៧៩% ទទួលបានទឹកស្អាតប្រើប្រាស់ ធៀបនឹងឆ្នាំ២០០៦ ដែលមានត្រឹមតែ ៣៧.៥%

 គ្រួសារចំនួន ៩០% មានបង្គន់អនាម័យប្រើប្រាស់ ធៀបនឹងឆ្នាំ២០០៦ ដែលមានត្រឹមតែ១៥%។

អ្នកស្រី សុភី សមាជិកក្រុមប្រឹក្សាឃុំនៅឃុំថ្មី បានរំឮកថា៖ «កាលពីមុនសហគមន៍របស់យើងប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារការយល់ដឹងពីសុខភាព និងអនាម័យនៅមានកម្រិត ហើយធ្វើឱ្យមានជំងឺជាច្រើន។ វត្តមានរបស់អង្គការទស្សនៈពិភពលោក បាននាំឱ្យមានការកែលម្អក្នុងវិស័យផ្សេងៗដូចជា សុខាភិបាល ការអប់រំ ការការពារកុមារ រដ្ឋបាលឃុំ សង្កាត់ និងការចូលរួមរបស់ពលរដ្ឋ។ អង្គការទស្សនៈពិភពលោក ក៏បានពង្រឹងចំណេះដឹងរបស់សមាជិកសហគមន៍របស់យើង ជាពិសេសផ្តោតលើស្ត្រី និងកុមារ»។

កម្មវិធីតំបន់ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០០៩ បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួន ៣៣ ១០០ នាក់ រួមទាំងកុមារ ១២ ៧០៧ នាក់ ហើយចំនួន ១០ ៣៤៧ នាក់ ជាកុមារងាយរងគ្រោះបំផុត នៅក្នុងភូមិចំនួន៣៣។

• សុខភាព និងអាហារូបត្ថម្ភ

 ស្តង់ដារសេវាសុខភាព បានកើនឡើងពី ៤០ % ក្នុងឆ្នាំ ២០២០ ដល់ ១០០% ក្នុងឆ្នាំ ២០២២

• ទឹក និងអនាម័យ

 គ្រួសារចំនួន ៩៤% មានបង្គន់អនាម័យ ធៀបនឹងឆ្នាំ២០០៩ មានត្រឹមតែ ៣,៤ %

 គ្រួសារចំនួន ៧៣,៤% ទទួលបានទឹកស្អាត ធៀបនឹង ៤៩,៤% ក្នុងឆ្នាំ ២០១៤។

ការផ្តល់សេវាសាធារណៈ ក៏មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នៅក្នុងស្រុកសូត្រនិគម។ កម្មវិធីនេះ បានជួយគណៈកម្មាការឃុំទទួលបន្ទុកកិច្ចការនារី និងកុមារ (CCWC) ឆ្លើយតបទាន់ពេលវេលាចំពោះបញ្ហាការការពារកុមារ។ កិច្ចអន្តរាគមន៍ ក៏បានផ្តោតទៅលើការបង្កើនអត្រាអក្ខរកម្ម និងការកែលម្អបរិយាកាសសិក្សានៅក្នុងសាលារៀន ដោយផ្តល់ការបណ្តុះបណ្តាលដល់គ្រូកម្រិតបឋមសិក្សា។

• ការអប់រំ

 ភាគរយនៃសិស្សថ្នាក់ទី៣អាចអានបានល្អ កើនឡើងពី ៣៩% ក្នុងឆ្នាំ ២០០៨ ដល់ ៥៦% នៅឆ្នាំ២០២៣

 សាលារៀនដែលមានបរិយាកាសសិក្សាល្អប្រសើរឡើង បានកើនឡើងពី ៤០% ក្នុងឆ្នាំ ២០២០ ដល់ ៩១% ក្នុងឆ្នាំ ២០២៣។

អ្នកស្រី រស់ ពិសី គ្រូបង្រៀនបឋមសិក្សា ដែលបានក្លាយជាគ្រូឧទ្ទេសស្រុក បន្ទាប់ពីទទួលការបណ្តុះបណ្តាលលើផ្នែកដូចជា អំពីវិធីសាស្រ្ត លើកកម្ពស់ការអានរបស់សិស្ស ការអប់រំបែបវិជ្ជមាន ការគ្រប់គ្រងបណ្ណាល័យ និងប្រឹក្សាគរុកោសល្យ បានសង្កត់ធ្ងន់ថា៖«សិស្សមានការរីកចម្រើន ហើយយើងប្តេជ្ញាចិត្តសហការជាមួយសហគមន៍ និងអាជ្ញាធរដើម្បីបន្តលើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សរបស់យើង»។

តំបន់កម្មវិធីស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានពង្រឹងសិទ្ធិអំណាចរបស់សមាជិកសហគមន៍ ដៃគូ និងយុវជនក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ។ កម្មវិធីមានភាពវិជ្ជមានដល់ ប្រជាពលរដ្ឋចំនួន ៣៣ ៥២២ នាក់ រួមទាំងកុមារចំនួន ១៤ ៣៨៦ នាក់ ក្នុងនោះកុមារងាយរងគ្រោះបំផុតចំនួន ៣ ២៣១ នាក់ នៅក្នុង២៥ ភូមិ។

• ការអប់រំ

 ការចុះឈ្មោះចូលរៀន បានកើនឡើងពី ៧៤% ក្នុងឆ្នាំ ២០១៣ ដល់ ៩៤,៥ % ក្នុងឆ្នាំ ២០២៣

 អត្រាបោះបង់ការសិក្សា បានធ្លាក់ចុះពី ១៧% ក្នុងឆ្នាំ ២០១៣ មកត្រឹម ០,៨៥ % ក្នុងឆ្នាំ ២០២៤

• ទឹក និងអនាម័យ

 គ្រួសារមានបង្គន់អនាម័យប្រើប្រាស់ បានកើនឡើងពី ០,១ % ក្នុងឆ្នាំ ២០០៨ ដល់ ៩៤, ៥២%ក្នុងឆ្នាំ ២០២៤

 ការទទួលបានទឹកស្អាតប្រើប្រាស់ កើនឡើងពី ១៤% ក្នុងឆ្នាំ២០១៣ ដល់ ៨៩,៤ % ក្នុងឆ្នាំ ២០២៤

• ការការពារកុមារ

 ភាគរយនៃក្មេងជំទង់យល់ដឹងពីសេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងការរាយការណ៍នៃការរំលោភបំពាន ការធ្វេសប្រហែស ការកេងប្រវ័ញ្ច ឬអំពើហិង្សាលើកុមារបានកើនឡើងពី ៤៥,៤៩% ក្នុងឆ្នាំ ២០១៨ ដល់ ៦៥% ក្នុងឆ្នាំ ២០២២។

 កុមារដែលមានអាយុពី ១២-១៨ ឆ្នាំ ដែលរាយការណ៍ថារស់នៅក្នុងបរិយាកាសសុវត្ថិភាព និងការពារ បានកើនឡើងពី ៦១,៦% ក្នុងឆ្នាំ២០១៨ ដល់ ៧០,០១% ក្នុងឆ្នាំ ២០២២។

អាជ្ញាធរមូលដ្ឋាន ក៏បានកត់សម្គាល់ផងដែរពីការថយចុះនៃអំពើហឹង្សាក្នុងគ្រួសារតាមរយៈវិធីសាស្រ្តគ្រួសាររីករាយណែនាំដោយអង្គការទស្សនៈពិភពលោក ដើម្បីគាំទ្រដល់គ្រួសារក្នុងការបង្កើតបរិយាកាសចិញ្ចឹមបីបាច់ដែលលើកកម្ពស់សុខុមាលភាព បញ្ញាស្មារតី អារម្មណ៍ និងផ្លូវកាយរបស់កុមារ។

លោកស្រី គាន គឹមស៊ាន ក្រុមប្រឹក្សាឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា៖ «អំពើហិង្សាក្នុងគ្រួសារត្រូវបានកាត់បន្ថយប្រមាណ ៨០% ។ កុមារត្រូវបានការពារដោយមានការគាំទ្រពីដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយបុគ្គលិករដ្ឋបាលឃុំរបស់យើង បានបង្កើតបណ្តាញការពារកុមារ ដូចយ៉ាងគណៈកម្មាការឃុំទទួលបន្ទុកកិច្ចការនារី និងកុមារ (CCWC)។ បច្ចុប្បន្ននេះ យើងដឹងកាន់តែច្បាស់ពីរបៀបក្នុងការផ្ទេរករណីរំលោភបំពានទៅកាន់សេវាដែលត្រឹមត្រូវ»។

ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ អង្គការទស្សនៈពិភពលោក សូមកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់អ្នកគាំទ្រនៅក្នុងប្រទេសអាឡឺម៉ង់ ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការនៅក្នុងកម្មវិធីតំបន់ចំនួន ៣៩ ដែលគ្របដណ្តប់ឃុំចំនួន ១០៤៣ និង ១២៣ ស្រុក/ ខណ្ឌ ក្នុង ២០ ខេត្ត និងរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២៣ ក្នុងនាមជាទីភ្នាក់ងារលើកកម្ពស់សុខុមាលភាពកុមារ អង្គការទស្សនៈពិភពលោក បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួនជាង ៣ លាន ២ សែន នាក់ ក្នុងនោះមានកុមារចំនួន ១ លាន ៥ សែន នាក់។ អង្គការ បានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់កុមារា និងកុមារីចំនួន ៥ លាន នាក់នៅឆ្នាំ ២០២៧ តាមរយៈការរួមចំណែកដោយផ្ទាល់ដល់យុទ្ធសាស្ត្របញ្ចកោណជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង