
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យទីតាំងសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មី ដោយលោកបានបង្ហាញពីផែនការសាងសង់កំពង់ផែកងទ័ពជើងទឹក ដែលមានសមត្ថភាពផ្ទុកនាវាចម្បាំងធន់ធ្ងន់ និងជាការត្រៀមខ្លួនក្នុងការវាយប្រហារណាមួយកើតឡើង ។

កាសែតកូរ៉េខាងជើង Rodong Sinmun បានបង្ហាញវត្តមានលោក គីមជុងអ៊ុនទៅទស្សនាកន្លែងសាងសង់កប៉ាល់កងទ័ពជើងទឹក រោងចក្រផលិតអាវុធ និងសាលាបណ្តុះបណ្តាលទាហានកូរ៉េខាងជើង។

លោកគីមជុងអ៊ុនបានបញ្ជាឱ្យមានការដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធអាវុធការពារតាមឆ្នេរសមុទ្រ ដើម្បីធានាការការពារកំពង់ផែយោធាកូរ៉េខាងជើង។ បើតាមលោកគីម មូលដ្ឋានទ័ពជើងទឹកថ្មីគឺចាំបាច់ដើម្បីចូលចតនាវាធំទំនើបថ្មី ដែលជាការត្រៀមខ្លួនរបស់ប្រទេសលោកផ្ទាល់ក្នុងការវាយបកទៅសត្រូវណាមួយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានបញ្ជាក់ពីទីតាំងមូលដ្ឋានទ័ពជើងទឹកថ្មី ឬកាលបរិច្ឆេទនៃការសាងសង់នោះទេ៕