Cc time web banner 054637

សិស្ស២០០នាក់ចុះស្វែងយល់ពី«បេតិកភណ្ឌហត្ថកម្មប្រពៃណី»របស់សហគមន៍ក្របីរៀល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ សិស្សសាលាបឋមសិក្សាក្របីរៀលចំនួន ២០០នាក់ ដែលជាសិស្សថ្នាក់ទី៥ និងទី៦ បានរៀន ក៏ដូចជាស្វែងយល់អំពីមរតកដូនតា គឺ«បេតិកភណ្ឌហត្ថកម្មប្រពៃណី»របស់សហគមន៍ក្របីរៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយចំនួនទៀត។

រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា«កម្មវិធីអប់រំបេតិកភណ្ឌ»ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។

លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ និងផ្សារភ្ជាប់គ្នារវាងមេរៀននៅក្នុងថ្នាក់ និងអ្វីដែលបានឃើញជាក់ស្តែង ដើម្បីឱ្យក្មេងៗដែលជាសមាជិកក្នុងសហគមន៍បានឃើញនិងត្រូវបន្តវេនមរតកទាំងនោះទៅថ្ងៃខាងមុខ។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ មានសារៈសំខាន់ខ្លាំងសម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគេចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង