ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង ព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត (The Officers’ Cross of the Order of Merit of the Republic of Hungry) ផ្តល់ជូនដោយ លោក តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធានាធិបតីនៃប្រទេសហុងគ្រី។
គ្រឿងឥស្សរិយយសនេះ ផ្តល់ជូនជនជាតិហុងគ្រី និង ជនបរទេស ដែលមានស្នាដៃក្នុងការអភិវឌ្ឍជាតិ និង សកលលោក។ហើយការផ្តល់ជូនលោក សួស យ៉ារ៉ា គឺដោយសារលោកជាពលរដ្ឋខ្មែរម្នាក់ដែលបានចូលរួមចំណែកនៅក្នុងការពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ល្អររវាងហុងគ្រី និង កម្ពុជា។នេះបើតាមការអះអាងរបស់លោក Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា។
ថ្លែងពិធីទទួលលោក សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ក្នុងការទទួលស្គាល់ស្នាដៃការងារការទូតកន្លងមកហើយការប្រគល់គ្រឿងឥស្សរិយយសនេះ គឺលើសពីកិត្តិយសសម្រាប់លោក និងប្រទេសកម្ពុជាទាំងមូល ជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏រឹងមាំ ស៊ីជម្រៅនៃប្រទេសទាំងពីរ ដែលបានកសាងឡើងដោយអ្នកដឹកនាំជំនាន់មុន និងបច្ចុប្បន្ន និង ឥស្សរជនសំខាន់ៗ។
លោក សួស យ៉ារ៉ា សង្ឃឹមថា កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងបច្ចេកវិជ្ជា នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពតាមរយៈការងារការទូតសភា៕