ហុងកុង៖ ខ្យល់ព្យុះដ៏ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុងយ៉ាកជីបានទៅដល់ភាគខាងត្បូងប្រទេសចិននៅព្រឹកថ្ងៃសុក្រនេះដោយអាជ្ញាធរចិនបានបិតសាលារៀនរយៈពេលពីរថ្ងៃ ហើយជើងហោះហើរត្រូវបានលុបចោលទាំងស្រុង។ ព្យុះកំណាចនេះមានកម្លាំងខ្យល់អតិបរមា ២៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាប្រភេទព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតទីពីរក្នុងពិភពលោកក្នុងឆ្នាំ ២០២៤។
អាជ្ញាធរចិនបានអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ហើយចិនក៏កំពុងតែរៀបចំការពារនិងជម្លៀសពលរដ្ឋនៅកន្លែងដែលទទួលការរងគ្រោះខ្លាំងពីព្យុះយ៉ាកជីនេះ។
កម្លាំងព្យុះកើនខ្លាំងទ្វេដងបន្ទាប់ពីបំផ្លាញភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ព្យុះយ៉ាជីត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្តក្វាងទុងនាថ្ងៃសុក្រនេះ ។ខ្យល់និងភ្លៀងត្រូវអមដោយផ្គរលាន់ និងផ្លេកបន្ទោរយ៉ាងខ្លាំងនៅទូទាំងតំបន់ទាំងយប់ ពលរដ្ឋជាច្រើនត្រូវបានជូនដំណឹងពីការមកដល់នៃព្យុះយ៉ាកជី។
ការដឹកជញ្ជូនឆ្លងកាត់ភាគខាងត្បូងប្រទេសចិនភាគច្រើនត្រូវបានបិទ និងជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅក្នុងខេត្ត Hainan, Guangdong, Hong Kong និង Macao។ ស្ពានកាត់សមុទ្រវែងជាងគេលើពិភពលោក ដែលជាស្ពានសំខាន់ដែលតភ្ជាប់ហុងកុងជាមួយម៉ាកាវ និងជូហៃក្នុងខេត្តក្វាងទុង ក៏ត្រូវបានបិទផងដែរ៕