ចិន៖ ប្រទេសចិនបានបិតបញ្ចប់បេសកម្មរបស់ខ្លួនក្នុងការបញ្ចូននាវា Jiaolon ចូលក្នុងដែនសមុទ្រក្នុងជម្រៅ ៧ពាន់ម៉ែត្រដើម្បីរុករក និងពិសោធន៍ជីវិតសត្វ និងរុក្ខជាតិដែលមាននៅបាតសមុទ្រ។
នាវាមុជទឹកនេះ មានសមត្ថភាពរុករកក្នុងបាតសមុទ្រជ្រៅ ហើយអាចបង្កើតថាមពលផ្សែង ដើម្បីកូរដីល្បាប់នៅបាតសមុទ្រចេញពីទីតាំងកំឡុងធ្វើប្រតិបត្តិការ ដើម្បីយកល្បាប់ទាំងនោះមកធ្វើការពិសោធន៍។
អ្នកវិទ្យាសាស្ត្រនៅលើនាវាមុជទឹក Jiaolong បានធ្វើការពិសោធន៍ ដោយពួកគេបានប្រើប្រាស់សម្ភារៈ និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយ លោក Chen Xuguang សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Ocean នៃប្រទេសចិន ដើម្បីប្រមូលយកល្បាប់ទាំងនោះមកខាងលើវិញដោយរក្សាទ្រង់ទ្រាយដើម។ ការយកល្បាប់មកពិសោធន៍នេះ ត្រូវបានអនុវត្តនៅក្នុងលក្ខខណ្ឌការពារបរិស្ថាននិងជីវិតដែលកំពុងតែរស់នៅក្នុងបាតសមុទ្រ។
គួរបញ្ជាក់ថានាវាមុជទឹក Jiaolong គឺជានាវាមុជទឹកដែលត្រូវបានរចនាឡើងជាលើកដំបូងរបស់ប្រទេសចិន និងរួមបញ្ចូលគ្នានូវនាវាមុជទឹកមួយផ្សេងទៀតដែលអាចផ្ទុកមនុស្សជិះក្នុងកម្រិត ៧,០០០ ម៉ែត្រ នាវានេះបានបង្កើតកំណត់ត្រាមុជទឹកថ្មីក្នុងជម្រៅជាង ៧,០៦២ ម៉ែត្រនៅមហាសមុទ្រ Mariana Trench ក្នុងខែមិថុនា ឆ្នាំ ២០១២។ បេសកកម្មវិទ្យាសាស្ត្រថ្មីរបស់នាវានេះត្រូវបានគេប៉ាន់ប្រមាណថាមានរយៈពេល ៤៥ ថ្ងៃ ត្រូវបានរៀបចំឡើងដោយសមាគមស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានរ៉ែមហាសមុទ្រចិន។ បេសកកម្មថ្មីក្រៅពីរុករកល្បាប់នាវាមុជទឹក Jiaolong គ្រោងនឹងដឹកអ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួនប្រាំបីនាក់សម្រាប់ប្រតិបត្តិការក្រោមទឹកនាពេលខាងមុខនេះ៕