Cctimesw1140xh150cm copy

សិស្ស២៥០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីត្រៀមប្រកួត «កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជន កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំវគ្គយល់ដឹង ស្ដីពី នីតិវិធី និងទម្រង់ នៃការរៀបចំគម្រោងស្នាដៃរបស់យុវជន ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ ប្រធានបទ៖ “STEM ក្នុងវិស័យថាមពលបៃតង” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមលោក ម៉ិល ផនសីហា​ ដែលជាប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បាន​ឱ្យដឹងថា សិស្សានុសិស្សដែលត្រូវបានជ្រើសរើសតំណាងខេត្តក្រុងទូទាំងប្រទេស បានចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាតិចណូ ដោយមានវត្តមានវាគ្មិនដែលមានបទពិសោធន៍ ដើម្បីត្រៀមខ្លួនប្រកួតស្នាដៃយុវជនសតវត្សទី២១ នៅខេត្តសៀមរាប នាខែវិច្ឆិកា។

បើតាមនាយកដ្ឋានអប់រំយុវជន និងកុមារ បានឱ្យដឹងថា ដំណើរការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “STEM ក្នុងវិស័យថាមពលបៃតង” ដែលត្រូវអនុវត្ត៤ដំណាក់សំខាន់ៗរួមមាន៖

- ដំណាក់កាលទី១ គឺតម្រូវឱ្យគ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រៀបចំយុវជន ១ក្រុមមានចំនួន០៩រូប និងគ្រូដឹកនាំ ០១រូប ក្នុងមួយរាជធានី ខេត្ត ដោយជ្រើសចេញពីក្រុមប្រឹក្សាយុវជនតាមវិទ្យាល័យដែលមានចំណង់ចំណូលចិត្តសិក្សាស្រាវជ្រាវលើមុខវិជ្ជា STEM ។

- ដំណាក់កាលទី២៖ វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធី និងទម្រង់នៃការរៀបចំគម្រោងស្នាដៃយុវជន នាពេលនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានយុវជនចូលរួមចំនួន២៥ក្រុម មកពី២៥រាជធានី ខេត្ត មានបេក្ខជនសរុប ២៥០នាក់ និងគ្រូដឹកនាំ ២៥នាក់។

- ដំណាក់កាលទី៣ គឺការរៀបចំគម្រោងស្នាដៃរបស់យុវជនតាមក្រុមនីមួយៗក្នុងនោះត្រូវមាន របាយការណ៍គម្រោងស្នាដៃ វីដេអូខ្លី ស្លាយធ្វើបទបង្ហាញ និងគំរូប៉ាន់ផលិតផល ដើម្បីចូលរួមប្រកួតប្រជែងថ្នាក់ជាតិ មានរយៈពេលប្រមាណជាង២ខែ។

- ដំណាក់កាលទី៤ គឺការប្រកួតប្រជែងថ្នាក់ជាតិដើម្បីជ្រើសរើសជ័យលាភីប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

នេះជាដំណាក់ទី២ សម្រាប់ការអនុវត្តដំណើរការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃ យុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៤ ដែលបេក្ខជន និងគ្រូដឹកនាំទាំងអស់ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពី ការរៀបចំគម្រោងស្នាដៃយុវជន ដែលផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖

1. បទបង្ហាញអំពី ការបម្រែបម្រួលនៃបច្ចេកវិទ្យាសកល និងបដិវត្តន៍ឧស្សាហកម្ម ៤.០

2. បទបង្ហាញអំពី ថាមពលបៃតង និងការអភិវឌ្ឍ

3. គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG-Goal 7)

4. ប្រភពថាមពលកកើតឡើងវិញ

5. ការគិតបែបស៊ីជម្រៅសម្រាប់គម្រោងស្ដែម

6. គម្រោងថាមពលបៃតង នៅ NGS និងការរៀបចំគម្រោង

7. ហិរញ្ញវត្ថុបៃតង

8. យន្តការអនុវត្តកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៥ នៃការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ដោយការចាប់ផ្តើមកម្មវិធីនេះលើកដំបូងគឺនៅឆ្នាំ២០១៩ និងបានបន្តអនុវត្តប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៤ នេះ ដោយកំណត់ប្រធានបទតាមឆ្នាំនីមួយៗ ក្នុងគោលបំណង ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងការស្រាវជ្រាវមុខវិជ្ជាទាក់ទងនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ ទី២ ៖ លើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិតនូវអ្វីដែលបានស្រាវជ្រាវបន្ទាប់ពីសិក្សារួច។ ជាពិសេស គឺដើម្បីផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន និងចែករំលែកបទពិសោធទៅកាន់សិស្សមកពីបណ្តារាជធានី ខេត្តដទៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង