អ៊ុយក្រែន៖ មីស៊ីលផ្លោងពីរគ្រាប់របស់រុស្ស៊ីបានវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ទាហានអ៊ុយក្រែន និងមន្ទីរពេទ្យមួយនៅកណ្តាលទីក្រុង Poltava ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ និងជាង ២០០ នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារថ្មីនេះគឺជាការសម្លាប់មនុស្សច្រើនបំផុតមួយដែលធ្វើឡើងដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាង ៩០០ ថ្ងៃមុននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ការវាយប្រហារថ្មីមិនធ្លាប់មានបែបនេះមិនទាន់មានការបញ្ជាក់ភ្លាមៗអំពីការវាយប្រហារពីរុស្ស៊ីនោះទេ។
អគារមួយក្នុងចំណោមអគារនៃវិទ្យាស្ថានទំនាក់ទំនងយោធាត្រូវបានបំផ្លាញស្ទើតែទាំងស្រុង ដោយមានគំនរបាក់បែក និងប្រហោងដ៏ធំមួយ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អះអាងថាមានមនុស្សជាច្រើនត្រូវបានសង្គ្រោះ។ លោក Zelenskyyបានបញ្ជាឱ្យមានការស៊ើបអង្កេត ភ្លាមៗលើការវាយប្រហារនេះ ហើយរុស្ស៊ីត្រូវតែសងការខូចខាតទាំងស្រុងជុំវិញការវាយប្រហារមួយនេះ។
លោក Zelenskyy បានអំពាវនាវជាថ្មី ឱ្យមានការពង្រឹងការការពារដែនអាកាសរបស់លោកខាងលិចបន្ថែមទៀត និងបានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីដើម្បីការពារអ៊ុយក្រែន។
ក្រុង Poltava គឺជាក្រុងដែលស្ថិតនៅចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីគៀវ។ ទីក្រុងនេះស្ថិតនៅលើផ្លូវហាយវេ និងផ្លូវដែកដ៏សំខាន់រវាងទីក្រុងគៀវនិងទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺខាគៀវដែលនៅជិតព្រំដែនរុស្ស៊ី៕