ឥណ្ឌា៖ ភ្លៀងមូសុងខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ ដោយខ្លះលង់ទឹកស្លាប់ និងខ្លះទៀតរងគ្រោះដោយសារដើមឈើរលំសង្គត់ស្លាប់។ នាយកដ្ឋានអាកាសធាតុឥណ្ឌាបានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ដែលពលរដ្ឋត្រូវតែរក្សាការប្រុងប្រយ័ត្ននិងស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន។ទឹកភ្លៀងខ្លាំងបានបង្កឲ្យទន្លេបានបាក់ច្រាំង ហើយមនុស្សជាង ៣០,០០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
តាមរដ្ឋាភិបាលឥណ្ឌាកាលពីល្ងាចថ្ងៃពុធមានមនុស្ស ១៣ នាក់បានស្លាប់ដោយសារលង់ទឹក ហើយនិងមួយចំនួនទៀតត្រូវបានដើមឈើបាក់រលំសង្គត់ពីលើ។ ក្នុងនោះក៏មានមនុស្សប្រមាណ ១,៨៥៦ នាក់ត្រូវបានជួយសង្គ្រោះ ហើយកងទ័ព និងអ្នកជំនាញត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់នាៗដែលអាចនិងកើតមានឡើង។
ក្រៅពីរដ្ឋ Gujarat ក៏មានទីក្រុង Vadodara គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ការតភ្ជាប់អគ្គិសនីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយភូមិប្រមាណ១.០០០ បានដាច់ចរន្តអគ្គិសនី។ រូបភាព និងវីដេអូដែលចេញផ្សាយដោយមន្ត្រីគ្រោះមហន្តរាយ បានបង្ហាញថា ពួកគេប្រើប្រាស់ទូក និងសំបកកង់ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់គាំងដោយសារទឹកជំនន់។ ភ្លៀងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានៅប្រទេសឥណ្ឌា អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរគំរូអាកាសធាតុ និងបង្កើនចំនួននៃព្រឹត្តិការណ៍អាកាសធាតុកាន់តែអាក្រក់ខ្លាំងឡើងៗ៕