តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ នៅប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីព្យុះទីហ្វុង សានសាន បានបោកបក់នៅក្នុងខេត្ត Kagoshima ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់ខ្លាំង ព្រមទាំងរំខានដល់ចរាចរណ៍ផ្លូវអាកាស និង ផ្តាច់ចរន្តអគ្គិសនីដល់ប្រជាជនជាងមួយភាគបួនលាននាក់។ ក្រុមហ៊ុនផលិតរថយន្តធំៗរួមមាន Toyota និង Nissan បានផ្អាកប្រតិបត្តិការនៅក្នុងរោងចក្រក្នុងស្រុកមួយចំនួនដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងកំណាចមួយនេះ។
អាកាសធាតុជប៉ុន រាយការណ៍ថា ព្យុះទីហ្វុងសានសាន មានខ្យល់បក់រហូតដល់ ៥៥ ម៉ែត្រក្នុងមួយវិនាទី និង កម្លាំងខ្យល់ឡើងដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោងបោកបក់នៅជិតទីក្រុង Satsumasendai ដែលមានទីតាំងនៅកោះ Kyushu ភាគនិរតីរបស់ប្រទេស កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
អាជ្ញាធរបានព្រមានថា ព្យុះនេះអាចក្លាយជាព្យុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់វាយប្រហារពីមុន ហើយរដ្ឋាភិបាលក្នុងតំបន់បានចេញបញ្ជាជម្លៀសប្រជាជនរាប់លាននាក់នៅក្នុងខេត្តមួយចំនួន។ ក្នុងការវាយប្រហាររបស់ព្យុះសានសាននេះ មានមនុស្ស៣នាក់បានស្លាប់ ម្នាក់បាត់ខ្លួន ២នាក់របួសធ្ងន់ និង ៥នាក់ទៀតរងរបួសស្រាល។ គ្រួសារជាង ២៥ម៉ឺន គ្រួសារនៅក្នុងខេត្តចំនួនប្រាំពីរកំពុងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី។ ព្យុះនេះត្រូវបានគេរំពឹងថានឹងខិតជិតតំបន់កណ្តាល និងភាគខាងកើត រួមទាំងរដ្ឋធានីតូក្យូ នៅចុងសប្តាហ៍នេះ។
ក្រុមហ៊ុនអាកាសចរណ៍ រួមទាំង ANA Holdings និង Japan Airlines បានប្រកាសលុបចោលជើងហោះហើរ ក្នុងស្រុកជាង ៦០០ រួមទាំងសេវាកម្មរថភ្លើងជាច្រើន ត្រូវបានផ្អាក៕